ប្រណាំងកង់៖ កីឡាករម្ចាស់ផ្ទះន័រវេស Andreas Leknessund បានឆក់យកជ័យជំនះដំណាក់កាលចុងក្រោយ ដើម្បីគ្រងជើងឯកប្រណាំងកង់ Arctic Race of Norway នៅក្នុងទឹកដីរបស់ខ្លួនថ្ងៃអាទិត្យម្សិលមិញ។

ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១៥៩.១គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំងកង់ DSM, Andreas Leknessund បានមកដល់ទីព្រ័ត្រមុនគេ ១៦វិនាទីពីមុខអ្នកលេខ២ កីឡាករ Nicola Conci និងលេខ៣ កីឡាករ Axel Zingle។ ជ័យជំនះនេះធ្វើឱ្យ Leknessund ក្លាយជាជើងឯកការប្រកួតប្រណាំងកង់ Arctic Race of Norway ក្នុងទឹកដីរបស់ខ្លួន ខណៈលេខ២ គឺកីឡាករ Hugo Houle និងលេខ៣ Nicola Conci។ សូមបញ្ជាក់ថា ការប្រកួតប្រណាំងកង់ Artic Race of Norway ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដែលជើងឯកដំបូងក៏ជាកីឡាករន័រវេសដែរ តែឆ្នាំបន្តបន្ទាប់មកមិនមានកីឡាករន័រវេសឈ្នះទៀតឡើយ ទើបតែឆ្នាំ២០២២ នេះ៕
អត្ថបទ៖នាង សុភាវុធ