កំពត៖ អភិបាលខេត្តខេត្តកំពត បានប្រាប់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលមានជីវភាពខ្វះខាត ពិសេសអ្នកដែលអត់ពិតប្រាកដដាច់ស្បៀងពិតប្រាកដ អាចមកយកស្បៀងអាហារនៅសាលាខេត្តបាន គ្រប់ពេល ព្រោះរដ្ឋបាលខេត្ត បានត្រៀមស្បៀងទុកនៅក្នុងឃ្លាំងរួចជាស្រេច សម្រាប់ជួយ។
នៅក្នុងពិធីចែកស្បៀងអាហារ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២,៣០០គ្រួសារមកពីស្រុកទឹកឈូ និងក្រុងកំពត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាយ៉ាងច្បាស់ដល់រដ្ឋបាលរាជធានី-ខេត្តទូទាំង ប្រទេស ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដែលជួបការលំបាកខ្វះខាត ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះឡើយ។
ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត ឯកត្តម បានត្រៀមបម្រុងស្បៀងអាហារជានិច្ច សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលជួបប្រទះការខ្វះខាតបន្ទាន់ ក៏ដូចជាជួបការលំបាកពិត ប្រាកដជាក់ ស្តែងនៅតាមមូលដ្ឋាន។
រដ្ឋបាលខេត្តកំពត បាននឹងកំពុងធ្វើការចែកអំណោយជាអង្ករជូនដល់ប្រជាពលរដ្ឋខ្វះខាត ឬជួប ការលំបាករាល់សប្តាហ៍ ក្នុងមួយសប្តាហ៍២ថ្ងៃ គឺនៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ៕អត្ថបទ៖ អន សារឹម