ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២ មេសា ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានទទួលសម្ភារបរិក្ខារមួយចំនួន មានដូចជាទឹកសម្លាប់មេរោគម៉ាក Sakikin Water និងឧបករណ៍បាញ់សម្លាប់មេរោគ ពីក្រុមហ៊ុន ឆាយ វ៉ាង Sakikin Water សម្រាប់ប្រើប្រាស់តាមការចាំបាច់ នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោកស្រី ស៊ីវ ស្រីណា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឆាយ វ៉ាង Sakikin Water ដែលបានផលិតទឹកសម្លាប់មេរោគ ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់នៅកម្ពុជា ដែលអាចអោយបងប្អូនប្រជាពលរដ្ឋមានជម្រើសល្អ បន្ថែមពីលើផលិតផលសម្លាប់មេរោគដែលមាននៅលើទីផ្សារ ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ ការរីករាលដាល នៃជំងឺ និងមេរោគនានា។
សម្ភារបរិក្ខារដែលទទួលបានរួមមាន ទឹកសម្លាប់មេរោគ Sakikin Water សម្រាប់ Refill ចំណុះ៥លីត្រ ចំនួន ១០០កេស ឧបករណ៍បាញ់សម្លាប់មេរោគ ចំនួន ២០គ្រឿង ទឹកសម្លាប់មេរោគចំណុះ៥០០មីលីលីត្រ ចំនួន១២០ដប ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។
លោកស្រី ស៊ីវ ស្រីណា បានបញ្ចាក់ថា ទឹកសម្លាប់មេរោគម៉ាក Sakkin Water ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសជប៉ុន ជាផលិតផលធម្មជាតិ ងាយស្រួលប្រើគ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងបរិស្ថាន និងអាចសម្លាប់មេរោគបានរហូតដល់ ៩៩.៩៩% ក្នុងរយៈពេលពី ១៥-៣០វិនាទី អាចប្រើប្រាស់សម្លាប់មេរោគ ដោយបាញ់លើដៃ ផ្ទៃមុខបាន និងអាចប្រើប្រាស់ជាមួយម៉ាស៊ីនសម្លាប់មេរោគក្នុងបរិយាកាស ដើម្បីបន្សុទ្ធខ្យល់ សម្លាប់មេរោគ មេរោគបង្កជំងឺ និងបាក់តេរីផ្សេងៗ ហើយវាក៏ជួយកំចាត់ក្លិនមិនល្អដូចជាក្លិនបារី ក្លិនផ្សែង និងក្លិនបាក់តេរីផ្សេងៗ ដែលផ្តល់មកវិញនូវបរិយាកាសបរិសុទ្ធ ព្រមទាំងជួយបន្សាបអាឡែកហ្ស៊ី និងសម្រួលផ្លូវដង្ហើមដល់ទារក ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ផងដែរ៕អត្ថបទ ៖ រដ្ឋា