សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានព្រមានពីការកើនឡើង នៃការគំរាមកំហែងដោយហិង្សាចំពោះការអនុវត្តន៍ច្បាប់ ក្រោយការចូលឆែកឆេរលំនៅឋាន Mar-a-Lago ក្នុងរដ្ឋ Florida របស់ Donald Trump អតីតប្រធានាធិបតី។ ទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិបានចេញសេចក្ដីប្រកាស ទៅកាន់អង្គភាពអនុវត្តន៍ច្បាប់នៅទូទាំងសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសនេះនិយាយថា មានការកើនឡើងនៃការគំរាមកំហែងដោយហិង្សា ដែលបានបង្ហោះនៅលើបណ្ដាញសង្គមប្រឆាំងទៅនឹងសកម្មភាពរបស់ក្រុមមន្ត្រីសហព័ន្ធ។ ការឆែកឆេររបស់ទីភ្នាក់ងារ FBI កាលពីថ្ងៃចន្ទសប្ដាហ៍មុន គឺជាលើកដំបូងដែលលំនៅឋានរបស់អតីតប្រធានាធិបតី ត្រូវបានឆែកឆេរក្នុងករណីស៊ើបអង្កេតលើបទឧក្រិដ្ឋកម្ម។ យោងតាមដីកាដែលត្រូវបានចេញ ក្រោយមកឯកសារដែលត្រូវបានផ្ទៀងផ្ទាត់ហើយចំនួន ១១ឈុតត្រូវបានរកឃើញពីរមណីយដ្ឋានក្នុងតំបន់ឆ្នេរសមុទ្រ Palm Beach យ៉ាងណាក៏ដោយលោក Trump បានទាត់ចោលការប្រព្រឹត្តខុសនោះ។ សេចក្ដីប្រកាសដែលសារព័ត៌មានមួយរបស់សហរដ្ឋអាមេរិកទទួលបាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយដៃគូរបស់ទូរទស្សន៍ BBC បានអានថា ទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិនឹងធានាអះអាងថា អង្គភាពអនុវត្តន៍ច្បាប់ តុលាការ និងបុគ្គលិករដ្ឋាភិបាលបានដឹងពីការកើនឡើងនៃការគំរាមកំហែង និងឧបទ្ទវហេតុឧក្រិដ្ឋកម្ម និងអំពើហិង្សាជាច្រើន។
សេចក្ដីប្រកាសដែលត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ក៏បានបញ្ជាក់ផងដែរថា បុរសម្នាក់ពាក់អាវក្រោះត្រូវបាននគរបាលបាញ់សម្លាប់ ក្រោយប៉ុនប៉ងចូលក្នុងការិយាល័យទុកឯកសារក្នុងទីក្រុង Cincinnati រដ្ឋ Ohio។ ប៉ុន្មានម៉ោងមុនឧបទ្ទវហេតុកាលពីសប្ដាហ៍មុន ជនសង្ស័យបានបង្ហោះសារនៅលើបណ្ដាញសង្គម Truth របស់លោក Trump ពីចេតនាចង់សម្លាប់ក្រុមទីភ្នាក់ងារសហព័ន្ធ៕
អត្ថបទ៖ សុខមាន