ម៉ូតូទឹក៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្ដរជាតិយ៉ាងហោច ៩កម្មវិធីមុនឈានដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមលោក ណុះ ស្លេះ ប្រធានសហព័ន្ធ ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោយមហាសន្និបាតវិសាមញ្ញនេះ សហព័ន្ធកាន់តែមានភាពរឹងមាំបន្ទាប់ពីការកែសម្រួល និងបន្ថែមសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីមួយចំនួន។ តាមរយៈនេះ សហព័ន្ធបានកំណត់ផែនការរៀបចំការប្រកួត និងកម្មវិធីជាច្រើន រាប់ចាប់ពីការប្រកួត Pre-Sea Games លើកទី២ ដែលនឹងភ្ជាប់ការរៀបចំក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក៏ដូចជាការប្រកួតអបអរសាទរពិធីបុណ្យសមុទ្រ ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងមន្ដ្រីបច្ចេកទេសត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ដោយឡែកសមាសភាពថ្នាក់ដឹកនាំសហព័ន្ធដែលត្រូវបានសម្រេចកែសម្រួលថ្មី និងបន្ថែមជាឯកច្ឆន្ទក្នុងមហាសន្និបាតវិសាមញ្ញកាលពីម្សិលមិញ គឺមានទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ ៧រូបរួមមានឯកឧត្តមបណ្ឌិត អូស្មាន ហាសាន់, លោក Karl Heinrich Kanuf, ឯកឧត្តម ហ៊ីម យ៉ាន, ឯកឧត្តម វ៉ា ស៊ិនភីរម្យ, លោក ម៉ិល កាដូ, លោក ហ៊ុន សាមុត និងលោកជំទាវ មីថុនា ភូថង។
រីឯសមាសភាពគណៈកម្មាធិការប្រតិបត្តិគឺមានឯកឧត្តម ណុះ ស្លេះ ជាប្រធាន, ឯកឧត្តម អ៊ុក សិទ្ធិជាតិ, ឯកឧត្តម នី ផល្លី និងលោក ហួត សេងទ្រី ជាអនុប្រធាន។ លោក ប៊ូ វិរៈ អគ្គលេខាធិការ និងលោក មាស ម៉ាប់ អគ្គលេខាធិការរង។ លោក សៅ ចន្ថា អគ្គហេរញ្ញិក និងលោក ញ៉ែម ភីណារ៉េត ជាអគ្គហេរញ្ញិករង ព្រមទាំងសមាជិក ២១រូបផ្សេងទៀត។ តាមរយៈសមាសភាពថ្នាក់ដឹកនាំសហព័ន្ធដែលត្រូវបានពិនិត្យ និងកែសម្រួលថ្មីនេះ ប្រមុខសហព័ន្ធដដែលបានបង្ហាញសុទិដ្ឋិនិយមថា នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡាម៉ូតូទឹកកម្ពុជាឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវផ្លែផ្កាល្អប្រសើរ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងនាឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា