កូរ៉េខាងជើង៖ កូរ៉េខាងជើងបានរិះគន់ប្រមុខអង្គការសហប្រជាជាតិ ចំពោះការគាំទ្រលើការរំសាយនុយក្លេអ៊ែរពេញលេញដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ឡើងវិញនៅឧបទ្វីបកូរ៉េ សំខាន់ជាងនេះទៀតបានលើកឡើងចំៗថា ប្រទេសកូរ៉េខាងជើងកំពុងបង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងចោទប្រកាន់លោក Guterres ពីបទប្រើគំនិតលំអៀង និងគ្មានយុត្តិធម៌។

អនុរដ្ឋមន្ត្រីកិច្ចការបរទេសកូរ៉េខាងជើងលោក Kim Son Gyong បាននិយាយថា កូរ៉េខាងជើងអះអាងថា អាវុធនុយក្លេអ៊ែររបស់ខ្លួនជាជម្រើសជៀសមិនអាចកែប្រែបាន ក្នុងការធានាសន្តិសុខរដ្ឋ និងប្រជាពលរដ្ឋរបស់ខ្លួន និងធានាការអភិវឌ្ឍន៍ប្រកបដោយឯករាជ្យរបស់ខ្លួនគេចផុតពីគោលនយោបាយអរិភាព ការគំរាមកំហែងដោយនុយក្លេអ៊ែរ និងការគំរាមកំហែងពីសហរដ្ឋអាមេរិក។
លោក Kim បានបន្ថែមថា អគ្គលេខាធិការអង្គការសហប្រជាជាតិមិនគួរស្នើ ឬទទួលយកបញ្ជានានា ពីរដ្ឋាភិបាលរបស់ប្រទេសជាក់លាក់ណាមួយឡើយ តែក៏មិនអាចធ្វើអ្វីមួយដែលប៉ះពាល់ដល់តួនាទីរបស់ខ្លួន ក្នុងនាមជាមន្ត្រីអន្តរជាតិដែលជាការជឿទុកចិត្តតែមួយគត់ របស់អង្គការសហប្រជាជាតិ។ គួររម្លឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ ហើយក្រុមមន្ត្រីនៅក្នុងទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោននិយាយថា កូរ៉េខាងជើងទំនងជាកំពុងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ស្របពេលការចរចារំសាយនុយក្លេអ៊ែរជាប់គាំង៕
អត្ថបទ៖ សុខមាន