បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់កុមារ និងយុវជន AIA-ISF Grand Championship League 2022 វគ្គផ្តាច់ព្រ័ត្របានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតជម្រុះវិលជុំតាមរាជធានី-ខេត្តជិតកន្លះឆ្នាំ និងមានកីឡាករ-កីឡាការិនីវ័យក្មេងជាច្រើនពាន់នាក់ចូលរួម ដើម្បីចម្រាញ់ក្រុមខ្លាំងៗប្រចាំតំបន់មកប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ រាជធានីភ្នំពេញ កាលចុងសប្ដាហ៍កន្លងទៅ។
ការប្រកួតដ៏ធំនេះរៀបចំដោយអង្គការផ្កាយសមុទ្រ សហការជាមួយក្រុមហ៊ុន AIA Cambodia ខណៈពិធីបិទការប្រកួតបានធ្វើឡើងក្រោមវត្តមានលោកស្រី ពុធ ធីតា ប្រធានគណៈកម្មការស្ដ្រីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយលោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រីបានជំរុញឲ្យកុមាររា-កុមារី និងយុវជនទាំងអស់ ទោះពីទទួលបានជ័យលាភី ឬមិនទាន់បានត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីក្លាយជាធនធានបន្ដវេន ពិសេសដើម្បីក្លាយជាកីឡាករ-កីឡាការិនីអាជីពនាថ្ងៃអនាគត។ លោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្របានបញ្ជាក់ថា ឆ្នាំ២០២២ នេះគឺជាឆ្នាំដំបូងដែលដៃគូរបស់អង្គការផ្កាយសមុទ្រ បានសហការរៀបចំការប្រកួតនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន រួមមានខេត្តកំពត ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺជាដើម ដោយមានវត្តមានកុមារ និងយុវជនចូលរួមជិត ២,០០០នាក់ ហើយការប្រកួតវិលជុំនេះដែរ ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងសកម្មភាពកីឡា សម្រាប់កីឡាការិនីជិត ៧២៥នាក់ផងដែរ។
លោកស្រីបានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលព្រឹត្តិការណ៍នេះបានដំណើរការដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក ពិសេសបានផ្ដល់ឱកាសដល់កុមារ និងយុវជនជាច្រើនដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើយយេនជ័យ និងពិការភាពជាដើមបានចូលរួមប្រកួត បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាមួយនឹងស្នាមញញឹម សំឡេងហ៊ោកញ្ជ្រៀវ និងស្មារតីស្រលាញ់កីឡារបស់កីឡាករ-កីឡាការិនីទាំងអស់គ្នា។ ដោយឡែកចំពោះលទ្ធផលនៃការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AIA-ISF Grand Championship League 2022 សម្រាប់ពានកុមារាអាយុក្រោម ១០ឆ្នាំ ជើងឯកបានទៅក្រុមសាមគ្គីមានជ័យកុនាគជាយដែន ខេត្តបាត់ដំបង ក្រោយយកឈ្នះក្រុមនគរក្រៅ ខេត្តសៀមរាប ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ រីឯពានកុមារីអាយុក្រោម ១៤ឆ្នាំ ជើងឯកបានទៅក្រុមផ្លូវជីវិត United ខេត្តសៀមរាប ក្រោយយកឈ្នះក្រុមសាលបឋមសិក្សាកំពូលមាស ខេត្តកំពត ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ចំណែកពានរង្វាន់កុមារាអាយុក្រោម ១៤ឆ្នាំ ជើងឯកបានទៅក្រុម King Lion ខេត្តកំពង់ស្ពឺ បន្ទាប់ពីកយកឈ្នះក្រុមសាលាបឋមសិក្សាកំពូលមាស ខេត្តកំពត ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈពានយុវជនអាយុក្រោម ១៨ឆ្នាំ ជើងឯកបានទៅក្រុម Feeding Dreams ខេត្តសៀមរាប ក្រោយយកឈ្នះក្រុមសហគមន៍បាល់ទាត់ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៦-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ លី ឈុនឡា