គុនខ្មែរ៖ កម្មវិធីទី៣ នៃព្រឹត្តិការណ៍ “សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Kun Khmer Series” ដែលគ្រោងរៀបចំការប្រកួតនាថ្ងៃទី១៧ ខែសីហាស្អែកនេះ ត្រូវបានលើកពេលទៅរៀបចំការប្រកួតនាថ្ងៃទី៣១ ខែសីហាវិញហើយនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អន្ដរជាតិមួយនេះ។
មុនលើកពេលការប្រកួតនេះ ស្ថាប័ន World Fight ដែលជាអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះបានផ្គូរផ្គង់គូប្រកួត សម្រាប់កម្មវិធីទី៣ របស់ខ្លួនរួចហើយដោយមាន ៥គូក្នុងនោះអ្នកលេងគុនខ្មែរ ៦រូបរួមមានកីឡាករ ឡៅ ចិន្ទ្រា ជួបកីឡាករបារាំង Sebastien Billard, កីឡាករ ប៉ឺត សង្ឃឹប ជួបកីឡាករថៃ Ratchcharoen Sakchatree, កីឡាករ ឡៅ ស៊ីនេត ជួបកីឡាករថៃ Panhod The Baear, កីឡាករ រិន សារ័ត្ន ជួបកីឡាករឡាវ Khunphonnoi Sor.Khamsing និងកីឡាការិនី សំ សំណាង ជួបមិត្តរួមជាតិ លីន ស្រីម៉ៅ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានដំណើរការប្រកួតចំនួន ២លើករួចមកហើយកាលពីខែកក្កដាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងចំណោម ១១កម្មវិធីដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីផ្សព្វផ្សាយពីវិស័យកីឡាគុនខ្មែរទៅកាន់ឆាកអន្ដរជាតិ ហើយក៏រួមចំណែកផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ លី ឈុនឡា