ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ហើយគ្រោងនឹងដំឡើងប្រាក់ខែជូនគ្រូបង្រៀននៅតាមសាលារៀនសាធារណៈនៅឆ្នាំ២០២៣ យ៉ាងហោចណាស់តិចបំផុតនឹងទទួលបាន ១លាន៥សែនរៀល ខណៈគិតត្រឹមឆ្នាំ២០២២នេះ ទទួលប្រាក់ខែទាបបំផុត ១លាន ២សែនរៀល រួមទាំងមានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរ ។
ក្នុងសន្និសីទស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ក្រសួងអប់រំបានបន្តលើកកម្ពស់ គុណភាព និងជីវភាពរបស់គ្រូបង្រៀន ដោយបានយកចិត្តទុកដាក់ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តបង្កើនប្រាក់ខែជូនគ្រូបង្រៀនទៅតាមលទ្ធភាព របស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានបន្តថា នៅឆ្នាំ២០១៥ គ្រូបង្រៀនទទួលបានប្រាក់ខែចំនួន ចន្លោះពី៥សែនរៀល ដល់១លាន ២សែនរៀល ហើយនៅឆ្នាំ២០២២ ប្រាក់ខែទទួលបានចន្លោះពី ១លាន២សែនរៀល ទៅ២លាន១សែនរៀល ហើយចាប់ពីដើមឆ្នាំ២០២៣ នឹងទទួលបាន ១លាន ៥សែនរៀលយ៉ាងតិច ។
ឯកឧត្តម រស់ សុវាចា បានបន្ថែមថា បច្ចុប្បន្នដំណើរការសាលារៀននៅទូទាំងប្រទេស បាននិងកំពុងប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក បែបគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ បានអនុវត្តការរៀនពេញលេញនៅទូទាំងប្រទេស រួមទាំងបន្តអនុវត្តនូវវិធានការ៣ការពារ ៣កុំ យ៉ាងខ្ជាប់ខ្ជួន ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២៣ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះដឹងទូទៅទាំងសាធារណៈ និងឯកជន ១៨ ៤៣០ និងមានសិស្សកំពុងសិក្សាចំនួនជាង ៣លាន ៥សែននាក់ ៕ អត្ថបទ បាន សុខរិទ្ធិ