អ៊ុយក្រែន៖ យោងតាមការសិក្សាស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅលើទស្សនាវដ្ដី Nature Food ក្រោយសង្គ្រាមនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៊ី មនុស្សជាង ៥ពាន់លាននាក់អាចដាច់ពោះស្លាប់ ខណៈកម្ទេចផេះ និងធូលីចេញពីទីក្រុងនានា ដែលរងការឆេះបំផ្លាញបានរសាត់ចូលក្នុងបរិយាកាស និងបាំងពន្លឺព្រះអាទិត្យបញ្ចេញមកលើភពផែនដី។

ស្របពេលមានមន្ទិលកាន់តែខ្លាំងនាពេលបច្ចុប្បន្នអំពីសង្គ្រាមនុយក្លេអ៊ែរ ផ្ដោតលើភាពភ័យខ្លាចនៃការបំផ្ទុះគ្រាប់បែក ការសិក្សាដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Rutgers នៅសហរដ្ឋអាមេរិកបានលើកឡើងថា ការរងទុក្ខវេទនាពិតប្រាកដនឹងកើតមាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនៃជម្លោះនេះ នៅពេលការកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នឹងកើតឡើង ដោយសារតែឥទ្ធិពលនៃផលវិបាកសង្គ្រាមនុយក្លេអ៊ែរមកលើដំណាំស្បៀង។
យោងតាមគំរូដែលបានប្រើប្រាស់ក្នុងការស្រាវជ្រាវ ការប៉ះពាល់ដោយសារភាពត្រជាក់ដែលអាចត្រូវបានបង្កើតឡើង នៅពេលកម្ទេចផេះចេញពីការប្រយុទ្ធគ្នាដោយនុយក្លេអ៊ែរ បានរសាត់អណ្ដែតចូលបរិយាកាសនឹងបន្តមានរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំ ប៉ុន្តែការកាត់បន្ថយសីតុណ្ហភាពនឹងបន្តរយៈពេលជាង ១០ឆ្នាំ ហើយក៏នឹងកាត់បន្ថយចំនួនទឹកភ្លៀងផងដែរ។ ភាពប្រែប្រួលក្នុងប្រភពស្បៀងអាហារសំខាន់ៗរួមទាំងពោត, ស្រូវ, ស្រូវសាលីនិទាឃៈរដូវ និងសណ្ដែកសៀងជាដើម ព្រមទាំងវាលស្មៅសម្រាប់សត្វពាហនៈ និងរបរនេសាទសុទ្ធតែត្រូវបានប្រើជាកត្តាក្នុងគំរូនេះទាំងអស់៕
អត្ថបទ៖ សុខមាន