បាល់ទាត់៖ ក្រុម Atletico Madrid បានចាប់ផ្តើមរដូវកាលថ្មីក្របខណ្ឌកំពូលអេស្ប៉ាញ La Liga យ៉ាងល្អតាមរយៈជ័យជំនះនៅទឹកដី Getafe យប់ថ្ងៃចន្ទម្សិលមិញ ៣-០។ ក្រុមរបស់លោក Diego Simeone បានបើកការនាំមុខនៅនាទីទី១៥ ដោយខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata មុនពេលអតីតខ្សែប្រយុទ្ធ Juventus ដដែលនេះរកបានគ្រាប់ទីពីររបស់ខ្លួននៅវគ្គទី២ នាទីទី៥៩។

ខ្សែប្រយុទ្ធបារាំង Antoine Griezmann ក៏រកបានគ្រាប់ចុងក្រោយនៅនាទីទី៧៥ ធ្វើឱ្យក្រុមជើងឯក La Liga ឆ្នាំ២០២១ Atletico Madrid យកឈ្នះនៅទឹកដី Getafe ៣-០ ទទួលបានបីពិន្ទុដំបូងក្នុងសប្តាហ៍ដំបូងនៃរដូវកាលថ្មី ២០២២-២៣។ ខ្សែប្រយុទ្ធវ័យក្មេងព័រទុយហ្កាល់ Joao Felix ថ្វីបើរកមិនបានគ្រាប់ក្តី តែកីឡាករវ័យ ២២ឆ្នាំរូបនេះគឺជាអ្នកប៉ះបញ្ជូនទាំងបីគ្រាប់នេះ។
ដោយឡែកមួយគូទៀតយប់មិញផងដែរ Real Betis យកឈ្នះក្រុមភ្ញៀវ Elche ៣-០ ធ្វើបានដោយកីឡាករអេស្ប៉ាញ Juanmi ពីរគ្រាប់ម្នាក់ឯងដើម្បីឈរកំពូលតារាងជាមួយ Atletico Madrid។ ជុំទី២ Atletico Madrid ត្រូវទទួលភ្ញៀវ Villarreal ចុងសប្តាហ៍នេះ Real Madrid ទៅផ្ទះ Celta Vigo ខណៈ Barcelona ទៅទឹកដី Real Sociedad៕
អត្ថបទ៖នាង សុភាវុធ