ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការដួលរលំរដ្ឋធានីកាប៊ុលកាលពីមួយឆ្នាំមុនគឺជាការបរាជ័យនៃអនុត្តរភាព ឬការដឹកនាំ និងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យសកល ប៉ុន្តែទីក្រុង Washington ហាក់ដូចជាពុំបានរៀនសូត្រអ្វីសោះពីលទ្ធិប្រជាធិបតេយ្យនេះ។

ពេលត្រូវបានសួរអំពីការកាន់កាប់របស់ក្រុមតាលីបង់ លើរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីមួយឆ្នាំមុន លោក Wang បាននិយាយថា ការដួលរលំរដ្ឋធានីកាប៊ុលបានក្លាយជាពាក្យសម្រាប់ភាពទន់ខ្សោយ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ពាក្យនេះតំណាងឲ្យភាពបរាជ័យរបស់ជនជាតិអាមេរិកជាច្រើន។ លោក Wang បាននិយាយថា ការដួលរលំរដ្ឋធានីកាប៊ុល រំឭកដល់ការបរាជ័យនៃការផ្លាស់ប្ដូរប្រជាធិបតេយ្យ ដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ថា វិថីឆ្ពោះទៅកាន់ការផ្លាស់ប្ដូរប្រជាធិបតេយ្យពីប្រទេសមួយទៅប្រទេសមួយនឹងមិនអាចធ្វើទៅបានឡើយ បើសិនត្រូវបានដាក់ចេញពីខាងក្រៅ។
ការបង្ខំយកគំរូប្រជាធិបតេយ្យតាមសហរដ្ឋអាមេរិក នៅលើប្រទេសមួយបាននាំទៅរកភាពរអាក់រអួល និងបរាជ័យនៃការអនុវត្តន៍របស់ខ្លួន។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ជាងនេះទៅទៀតប្រទេសអាហ្វហ្គានីស្ថានក៏តំណាងឲ្យការបរាជ័យ នៃវិធីសាស្ត្រផ្លូវកណ្ដាលចម្រុះរបស់ក្រុង Washington។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានកាន់កាប់អាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំ តែរត់យករួចខ្លួន។ ការដឹកនាំដែលគេហៅថា បែបលោកខាងលិចបានបន្សល់នូវកេរ្តិ៍ឈ្មោះអសោច នៅពេលខ្លួនបានសម្រេចចិត្តបោះបង់ចោលសម្ព័ន្ធមិត្ត ក្នុងការដកថយយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ សុខមាន