ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក វិទិត មុនតាប៊ន បានសាទរចំពោះកម្ពុជានូវជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ និងបានគោរពសុំស្វែងយល់ពីសម្តេចនូវបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានកំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយជនក្រីក្រនិងជនរងគ្រោះដោយជំងឺកូវីដ១៩ ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួលប្រាក់សោធននិវត្តន៍មន្ត្រីរាជការនិងអតីតយុទ្ធជន ការអនុវត្តសោធននិវត្តន៍សម្រាប់កម្មករ និយោជិត ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការតំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត១៩ បានផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក យ៉ាងខ្លាំងព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យមកលើកម្ពុជា។
ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការបន្ទាន់និងស៊ីជម្រៅនិងមានប្រសិទ្ធិភាពដើម្បីគាំទ្រវិស័យសេដ្ឋកិច្ចនិងគាំពារសង្គម មានដូចជាការបញ្ចេញកញ្ចប់ថវិកានិងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។នេះជាការធានាដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ សិទ្ធិរស់រានជាជីវិតត្រូវបានផ្ដល់ជាអាទិភាពនិងសិទ្ធិទទួលបានព័ត៌មានតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយត្រូវបានជូនដល់ប្រជាពលរដ្ឋ។ យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជាក្នុងការចាក់ស្រោចវ៉ាក់សាំង covid-19 ដោយឥតគិតថ្លៃនិងគ្មានការរើសអើងរួមទាំងអ្នកទោស និងជនបរទេសបានសម្រេចនូវអត្រាការចាក់វ៉ាក់សាំងជាង ៩៤ភាគរយនៃចំនួនប្រជាជនសរុប៕




