កេនយ៉ា៖ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយកាលពីថ្ងៃចន្ទថា អនុប្រធានាធិបតីកេនយ៉ាលោក William Ruto បានឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។

ប៉ុន្តែការប្រកាសនេះមានឡើង ស្របពេលភាពច្របូកច្របល់ផ្ទុះឡើងដោយការប្រទូសរ៉ាយបានកើតឡើង ហើយក្រុមមន្ត្រីរៀបចំការបោះឆ្នោតប៉ុន្មានរូបបានបដិសេធលទ្ធផលនេះ។ លោកស្រី Juliana Cherera អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រី និងគណៈកម្មការ ៣រូបទៀតមិនអាចទទួលយកលទ្ធផលនេះបានទេ ព្រោះលទ្ធផលដែលត្រូវបានដោះស្រាយហើយនោះ នៅតែមានភាពស្មុគស្មាញ។ ប៉ុន្មាននាទីក្រោយមកគណៈកម្មការរៀបចំការបោះឆ្នោតលោក Wafula Chebukati បានឡើងលើវេទិកាប្រកាសលទ្ធផល។

ក្រុមអ្នកការទូត និងអ្នកសង្កេតការណ៍អន្តរជាតិត្រូវបានប្រញាប់ចាកចេញ មុនពេលភាពវឹកវរផ្ទុះឡើង។ ការវាយតប់គ្នាក៏បានកើតឡើងផងដែរ ខណៈក្រុមអ្នកគាំទ្របក្សប្រឆាំងដ៏សំខាន់របស់លោក Ruto គឺលោក Raila Odinga ប្រញាប់ឡើងទៅវេទិកា។ លោក Chebukati និយាយថា លោក Ruto ទទួលបានសំឡេងគាំទ្រ ៥០% គ្រប់ចំនួនដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី៕
អត្ថបទ៖ សុខមាន