វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ១ ពិភពលោក Andy Murray បានឆ្លងផុតជុំទី១ នៃការប្រកួតពានរង្វាន់ Cincinnati Open នៅសហរដ្ឋអាមេរិក ក្រោយយកឈ្នះកីឡាករជើងចាស់ស្វ៊ីស Stanislas Wawrinka។

កីឡាករវ័យ ៣៥ឆ្នាំ Andy Murray បានយកឈ្នះក្នុងលទ្ធតានតឹងលើកីឡាករវ័យ ៣៧ឆ្នាំ Stan Wawrinka ៧-៦(៧-៣), ៥-៧ និង ៧-៥។ ជ័យជំនះនេះធ្វើឱ្យកីឡាករលំដាប់លេខ៤៧ ពិភពលោកស្កុតឡេនរូបនេះរក្សាក្តីសង្ឃឹមមានលំដាប់ថ្នាក់នៅ Grand Slam, US Open ដោយមិនបាច់ប្រកួតជំរុះ។ ជុំបន្ត Andy Murray នឹងត្រូវជួបជាមួយកីឡាករអង់គ្លេស Cameron Norrie ដែលទើបយកឈ្នះកីឡាករដាណឺម៉ាក Holger Rune។
ដោយឡែកលទ្ធផលផ្សេងទៀត កីឡាករកំពស់ខ្ពស់សេវាខ្លាំងអាមេរិក John Isner ក៏បានបន្តដំណើរឡើងជុំទី២ ដែរក្រោយយកឈ្នះកីឡាករបារាំង Benjamin Bonzi ដោយលទ្ធផល ៧-៧(១១-៧), ៣-៦ និង ៧-៦(៧-៤)។ គូចុងក្រោយនេះកីឡាករ Diego Schwartzman បានយកឈ្នះកីឡាករ Alex Molcan ៥-៧, ៦-៤ និង ៦-២។ ព្រឹត្តិការណ៍វាយកូនបាល់ Cincinnati Open នឹងបញ្ចប់នៅសប្តាហ៍ក្រោយ ខណៈព្រឹត្តិការណ៍ Grand Slam, US Open នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហានេះ៕
អត្ថបទ៖នាង សុភាវុធ