មណ្ឌលគិរី ៖ កិច្ចសហការ ជាមួយមូលនិធិ Planet Water បាននាំមកនូវការតម្លើងប៉មចម្រោះ ទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៤១ នៅវិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី ដោយបានផ្តល់ជូន សហគមន៍នូវ ប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យព្រមទាំង កម្មវិធីអប់រំសុខភាពអនាម័យ, នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
មូលនិធិកូកា-កូឡា គឺ ជា ស្ថាប័ន សប្បុរសធម៌ សាកល របស់ ក្រុមហ៊ុនកូកា-កូឡា ដែលបាន ផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បី ដាក់ពង្រាយប៉មចម្រោះទឹកស្អាតAquaTowers និងម៉ាស៊ីនអនាម័យAquaSans ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធាន មូលនិធិកូកា-កូឡា មានប្រសាសន៍ថា «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយ នៅទូទាំងពិភពលោកក្នុងការគាំទ្រគម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាព ទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមាន មោទនភាព ដែលការឧបត្ថម្ភគាំទ្រ របស់ យើងដល់មូលនិធិ Planet Water នឹងអាច ផ្តល់លទ្ធភាពទទួលបានទឹកពិសា ប្រកប ដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹង គ្របដណ្តប់នៅ ទូទាំងប្រទេស កម្ពុជា គិតត្រឹមបំណាច់ ឆ្នាំ ២០២២នេ»។ គិតត្រឹមថ្ងៃនេះ យើងបានតម្លើង និងសម្ភោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹក ស្អាត AquaTowers ចំនួន៤១នៅគ្រប់ខេត្ត ទាំងអស់នៅ ទូទាំងប្រទេសកម្ពុជាដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
ក្រៅពី ទឹក ស្អាត សម្រាប់ បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និង សហគមន៍ជនបទ នូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃត្រូវបាន បំពាក់ទៅ នឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជា ធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូន ឧបករណ៍ដាក់សាប៊ូលាងដៃ និងបដា ផ្ទាំង ផ្សព្វផ្សាយ អមដោយសារយល់ដឹងអំពីការ លាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «វិស័យឯកជនបានរួមចំណែកជាច្រើនដល់ដំណើរកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន។ តាងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានផ្ដល់នូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យដល់ វិទ្យាល័យ ហ៊ុនសែន កែវសីមា តាមរយៈមូលនិធិកូកា-កូឡា »។
លោក Mark Steele ស្ថាបនិក និងជា នាយក ប្រតិបត្តិ របស់មូលនិធិ Planet Water បាន មាន ប្រសាសន៍ ថា៖ ឥទ្ធិពល ដែលយើង កំពុងបង្កើតមិនអាចវាស់បានដោយ តួលេខ នោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅ កាន់សហគមន៍ ដែលខ្វះខាត ពួកយើងកំពុង ធ្វើឱ្យប្រសើរឡើង នូវសុខភាព និងគុណភាព ជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវ នេះពួកគាត់អាចបង្វែរ ការយកចិត្តទុកដាក់ របស់ខ្លួនទៅកាន់ទិដ្ឋភាពផ្សេងទៀត។
សូមជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកា ជាង១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានា នៅក្នុងបណ្តាប្រទេសនានា នៅ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ៕ អត្ថបទ៖ រដ្ឋា










