ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុញ្ញាតឲ្យលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈពេលលោកជំទាវ បានបញ្ចប់អណតិ្តបេសកកម្មការទូតនៅកម្ពុជា, នាទីសី្តការក្រសួងសុខាភិបាល រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស តាមរយៈស្ថានទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាល នៅកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ នៃការរាលដាលជំងឺកូវីដ-១៩ ដែលបានចូលរួមចំណែកអាចឲ្យកម្ពុជា បើកដំណើរការទាំងសេដ្ឋកិច្ច និងសង្គមឡើងវិញ។ លោកជំទាវ បានជម្រាបជូនភាគីមិត្ត អំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះ កើតឡើងពីការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់។
ជាមួយគ្នានោះ លោកជំទាវ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បានថ្លែងអំណរគុណដល់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត និងក្រសួងសុខាភិបាល ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អ ជាមួយដៃគូរបស់ប្រទេសអង់គ្លេសទាំងអស់។ លោកជំទាវ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ក៏បានសម្តែងនូវការកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ រហ័ស និងទាន់ពេលវេលា រួមទាំងមន្រី្តស្ថានទូតចក្រភពអង់គ្លេស និងប្រជាជនអង់គ្លេស ដែលរស់នៅកម្ពុជាផងដែរ។ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានរាយការណ៍អំពី កិច្ចសហប្រតិបតិ្តការវិស័យសុខាភិបាល ដូចជា៖ បានផ្តល់ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៤១៥.០០០ដូស កាលពីខែកញ្ញា ឆ្នាំ២០២១, បានផ្តល់សម្ភារៈឧបករណ៍សុវតិ្ថភាពសម្រាប់មន្រី្តសុខាភិបាល (PPE) រួមមាន ម៉ាស់ធម្មតា ម៉ាស់ N95 អាវអៀម ស្រោមដៃមួយចំនួន និងបានផ្តល់មូលនិធិក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈធនាគារអភិវឌ្ឍន៍ អាស៊ី អាស៊ាន អង្គការ GAVI មជ្ឈមណ្ឌលកូវ៉ាក់ អង្គការសុខភាពពិភពលោក មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។
ជាការឆ្លើយតប លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណដល់លោកជំទាវ ឯកអគ្គរដ្ឋទូត ចក្រភពអង់គ្លេស ដែលតែងតែសហការសម្របសម្រួលក្នុងអណតិ្តបេសកកម្មការទូតរបស់លោកជំទាវ ជំរុញឲ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស កាន់តែត្រូវបានពង្រឹង និងពង្រីក។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឲ្យបានទទួលជោគជ័យថែមទៀតក្នុងការទទួលភារកិច្ចថ្មី៕ អត្ថបទ ៖ រដ្ឋា




