ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃថា នៅក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យកម្ពុជាបានបោះជំហ៊ានទៅមុខ១០ឆ្នាំ មុនកាលកំណត់នៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំ ខណៈកម្ពុជាកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើឲ្យប្រសើរឡើងលើការសិក្សាផ្នែកឌីជីថលនេះ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គ្រូបង្រៀននៅកម្ពុជាបានខិតខំរៀនពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្រៀនសិស្ស នៅពេលសាលាត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ននាពេលកន្លងមក ។
ឯកឧត្តមបានបន្តថា ដោយដំណាក់កាលនេះហើយ ធ្វើឲ្យកម្ពុជាបានដើរទៅមុខចំនួន១០ឆ្នាំ មុនកាលកំណត់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ហើយក្រសួងនឹងបន្តលើកកម្ពស់ការអប់រំឌីជីថល តាមរយៈអនុវត្តការងារមួយចំនួន ដូចជាការកែលម្អវេទិកាឌីជីថលមានស្រាប់ និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថលជាដើម ។
ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំកំពុងបង្កើនចំនួនសិស្ស និងទាក់ទាញសិស្សនៅមធ្យមសិក្សា និងឧត្តមសិក្សាឲ្យចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាកត្តាសំខាន់ ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងគោលនយោបាយជំរុញឌីជីថលរបស់រាជរដ្ឋាភិបាល ។
អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា ក្រសួងនឹងបង្កើតចំនួនសាលារៀនជំនាន់ថ្មី សាលារៀនស្ទែម និងបង្កើនម៉ោងបង្រៀន និងការបង្រៀនផ្ដោតលើមុខវិជ្ជាស្ទែម, វិនិយោគបន្ថែម និងបង្កើនគុណភាពនៃការបណ្ដុះបណ្ដាលគ្រូមុខវិជ្ជាស្ទែម ឲ្យដល់កម្រិងស្ដង់ដារវិជ្ជាជីវៈ កែលម្អវិធីសាស្ត្របង្រៀនតាមមុខវិជ្ជាស្ទែម ដោយផ្ដោតលើវិធីវិទ្យាសាស្ត្រ និងវិធីរិះរក និងវិធីផ្សេងទៀត សម្រាប់ការបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ ។
ឯកឧត្តម បន្តទៀតថា ក្រសួងនឹងវិនិយោគបន្ថែមលើការបំពាក់សម្ភារឧបទេស និងការធ្វើពិសោធន៍ នៅតាមវិទ្យាល័យធនធាន និងសាលារៀនជំនាន់ថ្មី ហើយជំរុញការបង្កើតថ្មីក្លឹបសិក្សាក្រោយម៉ោងសិក្សា និងពង្រឹងក្រុមប្រឹក្សាយុវជន និងបង្កើតប្រព័ន្ធមានភាពប្រទាក់ក្រឡាគ្នា ដូចជាពិព័ណ៍វិទ្យាសាស្ត្រ ការប្រកួតប្រជែងស្នាដៃ និងការបង្កើតភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនឯកជន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ



