ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានសម្រេចលុបចោលការអនុញ្ញាតអោយក្រុមហ៊ុនឯកជនទាំងអស់ អភិវឌ្ឍលើដីជុំវិញសួនសត្វភ្នំតាម៉ៅ បើទោះបីជាសួនសត្វនេះពុំមានប៉ះពាល់ក៏ដោយ និងចេញបទបញ្ជាអោយបញ្ឈប់ការឈូសឆាយ ដាំដើមឈើឡើងវិញលើដីដែលបានរុករាន។
សម្តេចតេជោ បានបន្តថា លើផ្ទៃដីប្រមាណ ៥០០ហិចតា ត្រូវប្រើកម្លាំងច្រើន និងត្រូវធ្វើដីអោយបានល្អ ដើម្បីដាំឡើងវិញអោយលឿនទាន់រដូវភ្លៀង សម្តេចបានដោយបញ្ជាអោយកម្លាំងអង្គរក្សជាង១០០០នាក់ធ្វើសកម្មភាពជួយឈូសឆាយដីនិងដាំដើមឈើកូនឈើ ដោយប្រើគ្រឿងចក្រ១១៣គ្រឿងធ្វើដីអោយល្អ ក្នុងនោះគិតត្រឹមល្ងាចថ្ងៃទី១៦ ខែសីហា គឺដី៥៣០ហិចតាបានធ្វើរួចរាល់ និងត្រូវការពេលវេលាសំអាតបន្ថែមទៀត។
សម្តេចតេជោបញ្ជាក់ថា កម្លាំងអង្គរក្ស ១០០០នាក់ កំពុងធ្វើសកម្មភាពនៅតំបន់នោះ នឹងត្រូវយកចិត្តទុកដាក់លើការដាំដុះ ធ្វើដី និងថែរក្សានៅក្នុងពេលរដូវប្រាំង ដោយក្រុមហ៊ុន ត្រូវទទួលបន្ទុកលើការថែទាំ និងជុសជុលលើដើមឈើណាដែលខូចខាត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា តំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាព្រៃនិងដីអភិរក្ស និងបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រក្សាតំបន់នេះអោយទៅជាតំបន់ព្រៃអភិរក្សការពារជារៀងរហូតទៅ និងប្រែក្លាយតំបន់ដាំដើមឈើឡើងវិញ ជាសួនឬចំការដាំដើមឈើប្រណិត។
ដើម្បីជៀសវាងការភ័ន្តច្រឡំ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអោយក្រសួងកសិកម្មត្រៀមរៀបចំព្រះរាជក្រិត្យ កំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅ ដើម្បីដាក់តំបន់អភិរក្សនិងតំបន់ត្រូវការពារ។ សម្តេចក៏សង្ឃឹមថា តាមរយៈការពន្យល់នេះ ជនរួមជាតិនឹងបានយល់និងជៀសវាងការជឿលើក្រុមអគតិ ដែលតែងតែយកសភាពការណ៍មូលបង្កាច់រាជរដ្ឋាភិបាល ហើយព្រៃតំបន់ភ្នំតាម៉ៅ និងក្លាយជាតំបន់ព្រៃអភិរក្ស ដែលត្រូវការពារជារៀងរហូតតទៅ គ្មានអ្នកណាបំផ្លាញបានឡើយ៕