ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនទទួលស្គាល់ និងទទួលខុសត្រូវចំពោះម្ចាស់ផ្ទះបុរី និងម្ចាស់សេវាកម្មអ៊ីនធឺណែតដែលបានចុះហត្ថលេខាផ្តាច់មុខជាមួយគ្នានោះឡើយ ខណៈសកម្មភាពបែបនេះបានធ្វើឲ្យអ្នករស់នៅក្នុងបុរីពិបាកទាក់ទងគ្នាយ៉ាងខ្លាំង។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសហការផ្តាច់មុខជាមួយគ្នារវាងម្ចាស់សេវាកម្មអ៊ីនធើណែត និងម្ចាស់ផ្ទះបុរីវាមិនបានផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នោះឡើយ ហើយសកម្មភាពបែបនេះសម្តេចមិនគាំទ្រនោះទេ ដោយសារតែអ្នករស់នៅបុរីទាំងនោះពិបាកទាក់ទងគ្នាយ៉ាងខ្លាំងតាមរយៈទូរស័ព្ទ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអ្នកប្រើទូរស័ព្ទចល័តជាង១៩លានស៊ីម អ្នកប្រើអ៊ីនធឺណិតចល័តជាង ១៧លានស៊ីម, អ៊ីនធឺណិតអចល័តជាង៣១ម៉ឺន, អ្នកប្រើ Facebook ជាង១៣លាននាក់ ខណៈអ្នកប្រើប្រាស់ប្រព័ន្ធMessinger ជាង១១លាននាក់។ ទាក់ទងនឹងសេវាកម្មទូរស័ព្ទនេះដែរ កាលពីខែកក្កដាកន្លងទៅនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រាប់ដល់ក្រុមហ៊ុនទូរស័ព្ទនានានៅកម្ពុជា គប្បីពង្រីកសេវាអ៊ិនធឺណែតរបស់ខ្លួន ដល់តំបន់ទេសចរណ៍ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕ អត្ថបទ៖ បាន ចក់