ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះជាលើកដំបូងហើយដែលបានរៀបចំឡើងជាថ្មី នៃការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យនានា បន្ទាប់ពីមានការខកខានអស់រយៈពេល២ឆ្នាំ ដោយសារកូវីដ១៩ ហើយសម្តេចក៏បានសំដែងនូវមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីក៏ដូចជាមាតា បិតា អាណាព្យាបាល ក្រុមគ្រួសារទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបានលើកទឹកចិត្តឱ្យបន្តការសិក្សាពេញមួយជីវិតហើយក៏បានណែនាំឱ្យសាកលវិទ្យាល័យនានា ត្រូវបង្កើនគុណភាពនៃការបណ្តុះបណ្តាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី១៧សីហានេះ។
ជាមួយនឹងការកោតសរសើរចំពោះសាកលវិទ្យាល័យ និងនិស្សិតជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ បើទោះបីក្នុងកាលៈទេសៈដែលយើងត្រូវប្រឈម នៃពេលវេលាដ៏លំបាក ជាពិសេសវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោ បានបន្តលើកទឹកចិត្តដល់ជ័យលាភី និងក្រុមគ្រួសារបន្តការខិតខំតទៅទៀត ហើយសង្ឃឹមថាជ័យលាភីទាំងអស់នឹងមិនបញ្ចប់ការសិក្សានៅត្រឹមកំរិតប៉ុណ្ណឹងទេ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យបណ្តាសាកលវិទ្យាល័យនានា បង្កើនគុណភាព នៃការបណ្តុះបណ្តាល។
សូមបញ្ជាក់ថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់៕ អត្ថបទ៖ មុត សុទ្ធ