ស្នូកឃ័រ៖ ការប្រកួតកីឡាប៊ីយ៉ា និងស្នូកឃ័រដណ្ដើមពានរង្វាន់ King Snooker Cup 2022 បានឈានដល់វគ្គ ៨នាក់ចុងក្រោយហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះដែលមានបេក្ខភាពចូលរួម ១៦រូបកាលពីថ្ងៃទី០៨ ខែសីហាកន្លងទៅ។
សម្រាប់បេក្ខភាព ៨នាក់ចុងក្រោយដែលត្រៀមប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ដ៏ធំនេះ រួមមានកីឡាករ សេង ពិសាខបូប្រឹក្ស និង ហ៊ុល សារ៉ាវន្ដ ឈរលេខ១ និងលេខ២ នៃពូល A។ កីឡាករ ថាយ តិចហុក និង សុត ខា ឈរលេខ១ និងលេខ២ នៃពូល B។ កីឡាករ សាត ច័ន្ទវិរៈ និង លឹម ចុងអៀវ ឈរលេខ១ និងលេខ២ នៃពូល C ខណៈកីឡាកឈរលេខ១ និងលេខ២ នៃពូល D រួមមានកីឡាករ ឡេង ចន្ទគ្រីស្នា និងកីឡាករ កាំង សុវណ្ណរ៉ា ។ ចំពោះការប្រកួតវគ្គ ៨នាក់ចុងក្រោយនេះនឹងធ្វើការប្រកួត ២ថ្ងៃនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហានេះនៅក្លិប King Snooker ដោយប្រើប្រាស់រូបមន្ដប្រកួតខ្វែងពូល ក្នុងនោះថ្ងៃទី១៧-សីហា មាន ២គូគឺកីឡាករ សេង ពិសាខបូប្រឹក្ស ជួបកីឡាករ សុត ខា និងកីឡាករ សាត ច័ន្ទវីរៈ ជួបកីឡាករ កាំង សុវណ្ណរ៉ា។
រីឯថ្ងៃទី១៨-សីហា គឺមាន ២គូដូចគ្នារួមមានកីឡាករ ហ៊ុល សារ៉ាវន្ដ ជួបកីឡាករ ថាយ តិចហុក និងកីឡាករ លឹម ចុងអៀវ ជួបកីឡាករ ឡេង ចន្ទគ្រីស្នា។ សូមបញ្ជាក់ថា ពានរង្វាន់ King Snooker Cup 2022 រៀបចំឡើងក្នុងគោលបំណងបំផុសសកម្មភាពកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសចម្រាញ់បាននូវធនធានឆ្នើមៗ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡប៊ីយ៉ា និងស្នូកឃ័រកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា