រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីមិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែនទេ ដោយហៅការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានដែលថា ក្រុង Moscow អាចពង្រាយអាវុធនុយក្លេអ៊ែរ ឬអាវុធគីមីនៅក្នុងជម្លោះថា ជារឿងកុហកទាំងស្រុង។

ថ្លែងអំឡុងសន្និសីទស្ដីពីសន្តិសុខអន្តរជាតិក្នុងទីក្រុង Moscow រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា តាមទស្សនៈយោធាមិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីសម្រេចគោលបំណងដែលបានកំណត់នោះទេ។ បំណងសំខាន់នៃអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺដើម្បីរារាំងការវាយប្រហារដោយនុយក្លេអ៊ែរប៉ុណ្ណោះ។ សារព័ត៌មាននានាកំពុងផ្សព្វផ្សាយការទស្សន៍ទាយអំពីការចោទប្រកាន់ថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក ដើម្បីសម្រេចគោលដៅនៃប្រតិបត្តិការសឹកពិសេសនេះ ឬអំពីការត្រៀមប្រើប្រាស់អាវុធគីមី។ ការវាយប្រហារខាងព័ត៌មានទាំងអស់នេះគឺជាការកុហកទាំងស្រុង។
លោក Shoigu ក៏បានចោទប្រកាន់ប្រតិបត្តិការយោធារបស់អ៊ុយក្រែនផងដែរថា កំពុងធ្វើតាមផែនការរៀបចំដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយថា សម្ព័ន្ធយោធាណាតូបានបង្កើនការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅភាគខាងកើត និងកណ្ដាលរបស់អឺរ៉ុបជាច្រើនលើក៕
អត្ថបទ៖ សុខមាន