ស្រីលង្កា៖ ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្រីលង្កានឹងមិនបន្ថែមពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបានដាក់ដើម្បីគ្រប់គ្រងការតវ៉ាប្រឆាំងរដ្ឋាភិបាលទៀតទេ ខណៈស្ថានភាពនៅក្នុងប្រទេសក្រីក្រមួយនេះមានស្ថិរភាពហើយ។

លោកប្រធានាធិបតី Ranil Wickremesinghe បានអំពាវនាវឲ្យរឹតបន្តឹងច្បាប់រយៈពេល ៤ថ្ងៃ ក្រោយអ្នកកាន់តំណែងមុនរបស់លោករត់ភៀសខ្លួនចេញពីប្រទេសនេះ និងបានលាលែងពីតំណែងកាលពីថ្ងៃទី១៤ ខែមិថុនា បន្ទាប់ពីការតវ៉ាប៉ុន្មានខែដោយសារតែវិបត្តិស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យដ៏ធ្ងន់ធ្ងរ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដែលត្រូវបានដាក់ដោយលោក Wickremesinghe គ្រោងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយលោកមានអំណាចក្នុងការអនុវត្តន៍ឡើងវិញជារៀងរាល់ខែនៅពេលក្រោយ។
ការិយាល័យរបស់លោកប្រធានាធិបតីរូបនេះ បានដកស្រង់សម្ដីរបស់លោកដោយនិយាយថា ស្ថានភាពនៅក្នុងប្រទេសនេះមានស្ថិរភាពវិញហើយ ពុំចាំបាច់ដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀតទេ នៅពេលដែលវិធានការនេះនឹងបញ្ចប់នៅសប្ដាហ៍នេះ។ បទបញ្ជានានាក្រោមការដាក់ប្រទេសក្នុងគ្រាអាសន្ន អនុញ្ញាតឲ្យកងទ័ព និងនគរបាលចាប់ខ្លួន និងឃុំជនសង្ស័យរយៈពេលយូរ។ យ៉ាងណាក៏ដោយការដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សថា ជាពេលវេលាឃោរឃៅ ដែលផ្ដល់អំណាចឲ្យប្រធានាធិបតីបង្កើតច្បាប់ និងរឹតត្បិតលើសិទ្ធិសេរីភាពពលរដ្ឋដោយគ្មានការពិនិត្យឡើងវិញរបស់តុលាការ៕
អត្ថបទ៖ សុខមាន