ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅអានសុន្ទរកថា នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) ដោយផ្ទាល់ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅឆ្នាំនេះ សម្ដេចត្រូវទៅអានដោយផ្ទាល់ ព្រោះធ្វើជាប្រធានអាស៊ាន ខណៈឆ្នាំមុនៗអានតាមប្រព័ន្ធអនឡាញ ហើយបន្ទាប់ពីអានសុន្ទរកថារួចរាល់ សម្ដេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែកញ្ញា ។
សម្ដេចតេជោ បានបន្តថា បន្ទាប់ពីទស្សនកិច្ចនៅគុយបា នៅថ្ងៃទី២៥ បន្តឡើងយន្តហោះ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដល់ល្ងាចថ្ងៃទី២៦ ហើយនៅថ្ងៃទី២៧ សម្ដេចនឹងចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សួ អាបេ ដែលជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា សម្រាប់នៅខែវិច្ឆិកា ឆ្នាំ២០២២ គឺសម្ដេចមានការមមាញឹកខ្លាំង ដោយកិច្ចប្រជុំអាស៊ាន នឹងបញ្ចប់នៅថ្ងៃទី១៣ ខែ វិច្ឆិកា ហើយព្រះចៅស៊ុលតងព្រុយណេ នឹងបន្តព្រះរាជទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៤ ដោយសម្ដេចត្រូវនៅចរចារ ជាមួយព្រះចៅប្រុយណេ និងដង្ហែរព្រះមហាក្សត្រយើង ដើម្បីរួមពិធីជប់លៀង នៅក្នុងព្រះបរមរាជវាំង និងបន្តទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ី ។
សម្ដេចតេជោ បានបញ្ជាក់ថា ករណីកិច្ចប្រជុំ G20 នៅព្រឹកថ្ងៃទី១៥ សម្ដេចនឹងឡើងយន្តហោះទាំងយប់ថ្ងៃទី១៤ ប៉ុន្តែបើធ្វើនៅល្ងាច នឹងឡើងយន្តហោះនៅព្រឹកថ្ងៃទី១៥ ពេលល្ងាចចូលប្រជុំ ព្រោះជាប្រធានអាស៊ាន ត្រូវបានការទទួលអញ្ជើញពីម្ចាស់ផ្ទះ បន្ទាប់ចេញពីឥណ្ឌូនេស៊ី សម្ដេចបន្តធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ ដើម្បីចូលរួមកិច្ចប្រជុំ APEC ៕ អត្ថបទ បាន សុខរិទ្ធិ
