ចិន៖ ខេត្តស៊ីឆ័នរបស់ចិនបានចេញបញ្ជាដល់រោងចក្រទាំងអស់ឲ្យបិទទ្វាររយៈពេល ៦ថ្ងៃដើម្បីកាត់បន្ថយកង្វះថាមពលនៅក្នុងតំបន់ ខណៈរលកកម្ដៅដែលកំពុងហក់ឡើងខ្លាំងរាលដាលទូទាំងប្រទេស។

ខេត្តស៊ីឆ័នគឺជាទីតាំងផលិតសម្រាប់ឧស្សាហកម្ម បន្ទះអេឡិចត្រូនិក និងផ្ទាំងថាមពលពន្លឺព្រះអាទិត្យ ហើយការសន្សំសំចៃថាមពលនឹងធ្វើឲ្យប៉ះពាល់ដល់រោងចក្រនានា ដែលជាផ្នែករបស់ក្រុមហ៊ុនអេឡិចត្រូនិកមួយចំនួនដ៏ធំៗបំផុតរបស់ពិភពលោក រួមទាំងក្រុមហ៊ុន Apple, ក្រុមហ៊ុនផ្គត់ផ្គង់ Foxconn និង Intel។ ក្រុមអ្នកវិភាគនិយាយថា ខេត្តនេះក៏ជាតំបន់រ៉ែលីទីញ៉ូមរបស់ចិនផងដែរ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតអាគុយរថយន្ត ហើយការបិទនេះអាចនឹងធ្វើឲ្យប៉ះពាល់ដំណើរការជីកលោហៈធាតុកម្រនេះ។
ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងពេល ៦០ឆ្នាំមកនេះដោយសីតុណ្ហភាពបានហក់ឡើងដល់ ៤០អង្សាសេក្នុងទីក្រុងរាប់សិបកន្លែង។ កម្ដៅដ៏ខ្លាំងនេះបានបណ្ដាលឲ្យមានតម្រូវការខ្ពស់សម្រាប់ម៉ាស៊ីនត្រជាក់នៅតាមការិយាល័យ និងលំនៅឋានទាំងឡាយដែលធ្វើឲ្យខ្វះខាតថាមពលអគ្គិសនី។ គ្រោះរាំងស្ងួតក៏បានធ្វើឲ្យកម្ពស់ទឹកក្នុងទន្លេនានាធ្លាក់ចុះផងដែរ ជាហេតុនាំឲ្យថយចុះនៃចំនួនការផលិតអគ្គិសនីនៅរោងចក្រវារីអគ្គិសនីផ្សេងៗ។ សេចក្ដីជូនដំណឹងនិយាយថា ការសម្រេចចិត្តបិទរោងចក្រនេះគឺដើម្បីធ្វើឲ្យប្រាកដថា មានថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុខមាន