ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង ទាក់ទាញឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរកាន់តែច្រើន ដែលផលិតកម្មប្រភេទនេះ បានបង្កើតនូវតម្លៃបន្ថែមខ្ពស់ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃ ១៧ខែសីហា ឆ្នាំ២០២២ នេះថា ការខិតខំប្រឹងប្រែងគៀងគររកអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល មកដល់បច្ចុប្បន្នកម្ពុជាទទួលរោងចក្រ សហគ្រាស ជាពិសេសការអភិវឌ្ឍលើវិស័យកម្មន្តសាលមិនមែនកាត់ដេរបានកាន់តែច្រើន និងបានកំពុងដំណើការនៅក្នុងប្រទេស ដែលវិស័យនេះបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជាពិតជាត្រូវការខ្សែច្រវ៉ាក់ផលិតកម្មប្រភេទនេះ ព្រោះកម្ពុជាមិនអាចពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ ខណៈដែលវិស័យឧស្សាហកម្ម កម្មន្តសាលមិនមែនកាត់ដេរ បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជាពិសេសបានផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជួយរុញកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ ក្នុងនោះកម្ពុជាបាននាំចេញដូចជា៖ គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួនជាង ២ ៦៥៩ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៧៥៩ លានដុល្លារអាមេរិក ស្មើនឹង ៤០%, បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០២១។
ចំណែកវិស័យកាត់ដេរវិញ រាជរដ្ឋាភិបាល បានប៉ាន់ស្មានថា វិស័យនេះ នឹងរក្សាបានកំណើន ក្នុងអត្រា ១២,២% ក្នុងឆ្នាំ២០២២ ដែលគាំទ្រដោយភាពរឹងមាំនៃតម្រូវការខាងក្រៅ, ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក៕
អត្ថបទ៖ សុន រ៉ាឌី