ភ្នំពេញ៖ ឯកឧត្តម ថោង ខុន ថ្លែងថា គ្រប់អាជីវកម្មទេសចរណ៍ដែលបើកផ្តល់សេវាគ្មានគុណភាព គឺក្រសួងមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ។
ថ្លែងក្នុងពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជំនាញការិយាល័យជួរមុខ, គេហកិច្ច, និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈអមដោយពិធីប្រកាសទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី១៧ខែសីហានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ការបើកអាជីកម្មទេសចរណ៍ផ្តល់សេវាមិនមានគុណភាពល្អនេះ គឺវាបង្កការប៉ះពាល់ខ្លាំង ទៅដល់គោលនយោបាយទាក់ទាញទេសចរខ្លាំងណាស់ ។
ឯកឧត្តម ថោង ខុន បន្តថា យ៉ាងណាក៏ដោយនៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងជួបការរាតត្បាតកូវីដ១៩ ក្រសួងទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ វីត និងអង្គការពាក់ព័ន្ធ បានទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍នេះច្រើនណាស់ នៅតាមប្រព័ន្ធអនឡាញផង និងការបណ្តុះបណ្តាលដោយផ្ទាល់ផង ដើម្បីធានាជំរុញការផ្គត់ផ្គង់ធនធានមនុស្សនិងការផ្តល់សេវារបស់អាជីវកម្មក្នុងវិស័យទេសចរណ៍ប្រកបគុណភាព។
ឯកឧត្តម បន្តថា នៅក្នុងអំឡុងពេលក្រសួងមិនទាន់បានបូកសរុបលទ្ធផលការបើកអាជីវកម្មទេសចរណ៍ឡើងវិញនោះទេ ខណៈសម្រាប់គោលដៅទេសចរណ៍នៅខេត្តសៀមរាបមួយ ក្នុងរយៈពេល៧ខែចុងក្រោយក្នុងឆ្នាំ២០២២នេះ គឺមានអាជីវកម្មទេសចរណ៍ប្រមាណ ៤៦% បានបើកដំណើរការវិញ ហើយបាននិងកំពុងមានតម្រូវការបុគ្គលិកជំនាញជាច្រើនចូលបំរើការងារវិញផងដែរ៕ អត្ថបទស៊ុម សុខជា