អាមេរិកឡាទីន៖ យោងតាមសារព័ត៌មាន Reuters ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅអាមេរិកឡាទីនបានកើនឡើងដល់ ៣០ម៉ឺននាក់កាលពីថ្ងៃពុធ ដោយវីរុសមិនបានបង្ហាញសញ្ញានៃការធូរស្រាល ក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោកមួយនេះ។
តំបន់អាមេរិកឡាទីនបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរបំផុតចុងក្រោយ បន្ទាប់ពីប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅក្នុងតំបន់នោះបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១.០៧៥នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅ ១២៨.៦៥៣នាក់ និងឆ្លងចំនួន ៤.១៩៩.៣៣២នាក់។ បណ្ដាប្រទេសនៅទូទាំងអាមេរិកឡាទីន ដែលបានកត់ត្រាករណីឆ្លងជិត ៨លាននាក់ដោយសារជំងឺ COVID-19 កំពុងប្រយុទ្ធប្រឆាំងដើម្បីបន្ធូរបន្ថយឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែវិធានការទប់ស្កាត់នានាត្រូវបានអនុវត្ត ដើម្បីទប់ស្កាត់ការចម្លងវីរុសនេះ។ ប្រទេសម៉ិកស៊ិក ប៉េរូ និងកូឡុំប៊ីបានកត់ត្រាចំនួនជនរងគ្រោះ ពីវីរុសកូរ៉ូណាខ្ពស់ជាងគេបំផុតបន្ទាប់ពីប្រទេសប្រេស៊ីល ដោយក្នុងនោះអាមេរិកឡាទីនបានរាយការណ៍ ពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមចំនួន ២.៨១១នាក់ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយរហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន
