ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា ស្ត្រីជនជាតិខ្មែរម្នាក់ទៀតអាយុ ៦១ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ១៧នាក់ហើយគិតត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីរូបនេះ បានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែនៅយប់ថ្ងៃម្សិលមិញ បន្ទាប់ពីត្រូវបានធ្វើតេស្តរកឃើញឆ្លងមេរោគកូវីដ១៩ ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនោះកាលពីថ្ងៃទី៣១ ខែមីនាកន្លងមកនេះ។
បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនេះដែលរស់នៅក្នុងខណ្ឌច្បារអំពៅនោះ បានស្លាប់បន្ទាប់ពីវីរុសកូវីដ១៩បានបំផ្លាញសួតទាំងសងខាងរបស់គាត់។
តួលេខចេញដោយក្រសួងសុខាភិបាល បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ចំនួន ១៧នាក់ហើយនៅក្នុងរយៈពេលមិនដល់ ៣សប្ដាហ៍ចុងក្រោយនេះ៕
