បាល់ទាត់៖ ក្លិប Manchester City បានប្រកាសពីការមកដល់ផ្លូវការរបស់ខ្សែការពារអេស្ប៉ាញ Sergio Gomez ដែលផ្លាស់ពីក្លិបប៊ែលហ្ស៊ិក Anderlecht ក្នុងតម្លៃ ១១លានផោន។ កីឡាករវ័យ ២១ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ឆ្នាំដែលនឹងរក្សារូបគេនៅកីឡដ្ឋាន Etihad ដល់ឆ្នាំ២០២៦។

Sergio Gomez បានទទួលអាវលេខ ២១ ដែលធ្លាប់ពាក់ដោយខ្សែបម្រើអេស្ប៉ាញ David Silva ដែលធ្លាប់ឈ្នះជើងឯក English Premier League ៤លើក និងពានសំខាន់ៗ ១០ ផ្សេងទៀត។ កីឡាករវ័យ ២១ឆ្នាំរូបនេះគឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Barcelona មុនពេលផ្លាស់ទៅកាន់ Borussia Dortmund។ Sergio Gomez ក្រោយមកក៏បានចំណាយពេលពីរឆ្នាំជាកីឡាករខ្ចីជើងនៅក្លិបអេស្ប៉ាញ Huesca នៅឆ្នាំ២០១៩ មុនពេលផ្លាស់ទៅកាន់ Anderlecht ក្រោមការដឹកនាំរបស់អតីតប្រធានក្រុម Manchester City, Vincent Kompany៕
អត្ថបទ៖នាង សុភាវុធ