វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់កំពូលរបស់អូស្ត្រាលី Nick Kyrgios បានបន្តដំណើរឡើងជុំទី២ ហើយនៃព្រឹត្តិការណ៍ Cincinnati Open នៅសហរដ្ឋអាមេរិក។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានយកឈ្នះកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina ដោយលទ្ធផល ៧-៥ និង ៦-៤ ប្រើពេល ១ម៉ោង ៣១នាទី។

ជ័យជំនះនេះធ្វើឱ្យ Nick Kyrgios បន្តដំណើរជួបជាមួយកីឡាករម្ចាស់ផ្ទះអាមេរិក Taylor Fritz។ ផ្ទុយពី Kyrgios កីឡាករអូស្ត្រាលីមួយរូបទៀត Thanasi Kokkinakis មិនអាចឈានទៅជុំបន្តបានទេក្រោយចាញ់កីឡាករអ៊ីតាលី Jannik Sinner ដោយលទ្ធផល ៦-៧(៧-៩), ៦-៤ និង ៧-៦(៨-៦)។ ជ័យជំនះរបស់ Jannik Sinner គឺស្ថិតក្នុងថ្ងៃកំណើតរបស់គេតែម្តងឈានចូលវ័យ ២១ឆ្នាំ។ ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនីអាមេរិក Coco Gauff ដែលគេស្គាល់ថាជា Serena Williams តូចនោះបានដកខ្លួនចេញពីការប្រកួតដោយសាររបួសកជើង។
អតីតជើងឯករង French Open វ័យ ១៨ឆ្នាំ Coco Gauff បានយកឈ្នះសិតដំបូងលើកីឡាការិនីឆេក Marie Bouzkova តែរបួសធ្វើឱ្យនាងមិនអាចបន្តការប្រកួតបាននៅពេលនាំមុខសិតទីពីរ ១-០។ របួសកជើងនេះក៏បានធ្វើឱ្យមានក្តីបារម្ភសំរាប់ Coco Gauff ដែរស្របពេលដែលព្រឹត្តិការណ៍ Grand Slam, US Open ខិតជិតឈានចូលមកដល់នៅចុងខែនេះ។ ដោយឡែកកីឡាការិនីជប៉ុនដែលធ្លាប់ឈ្នះពាន Grand Slam បួនលើក Naomi Osaka បានធ្លាក់ត្រឹមជុំដំបូងប៉ុណ្ណោះក្រោមស្នាដៃកីឡាការិនីចិន Zhang Shuai ៦-៤ និង ៧-៥។ នេះជាបរាជ័យទី៦ ក្នុងចំណោម ៨ប្រកួតចុងក្រោយសំរាប់ Naomi Osaka៕
អត្ថបទ៖នាង សុភាវុធ