ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា ស្ត្រីខ្មែរម្នាក់អាយុ ៥៦ឆ្នាំ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ ហើយថា គាត់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ត្រីខ្មែរអាយុ ៥៦ឆ្នាំរូបនេះ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃត្រង់ម្សិលមិញនេះនៅឯគេហដ្ឋានរបស់គាត់ស្ថិតក្នុងខណ្ឌដូនពេញ។
បើតាមក្រសួងសុខាភិបាល ស្ត្រីខ្មែររូបនេះ បានស្លាប់បាត់បង់ជីវិតអំឡុងពេលគាត់រក្សាខ្លួននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័កនៅក្នុងផ្ទះខ្លួនឯង ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២២ ខែមីនាកន្លងមកនេះ។
ក្រសួងបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តលើសំណាករបស់សពស្ត្រីរូបនេះ បង្ហាញថា គាត់បានឆ្លងវីរុសកូវីដ១៩។
ប៉ុន្តែ ក្រសួងសុខាភិបាលអះអាងថា ស្ត្រីរូបនេះបានស្លាប់ដោយសារស្ទះសរសៃឈាមបេះដូងភ្លាម ពោលគឺមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ៕
