បាល់ទាត់៖ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ លើកទី១៦ បានរកឃើញក្លិបដែលឡើងដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រអស់ហើយ ក្រោយបញ្ចប់ការប្រកួតពីរជើងវគ្គ ១៦ក្រុមចុងក្រោយ។

អគ្គិសនីកម្ពុជា និងកោះកុងអេហ្វស៊ីជាក្រុមលេងក្នុងលីគលំដាប់ទី២ ដែលបានឡើងមកដល់វគ្គដ៏សំខាន់នេះ ពិសេសត្រូវជួបក្រុមកំពូលតារាងទាំងពីរក្នុងលីគកំពូលកម្ពុជា។ ប្រកួតថ្ងៃទី១៧ ខែសីហា អគ្គិសនីកម្ពុជាបានត្រឹមស្មើ ១ទល់នឹង១ ជាមួយគីរីវង់សុខសែនជ័យជើងទី២ នៅទឹកដីខេត្តតាកែវ បន្ទាប់ពីជើងទី១ ក្លិបដែលមានមូលដ្ឋាននៅភ្នំពេញឈ្នះ ៣ទល់នឹង២។ ជំនួបនេះតង់ទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ទល់នឹង០ ទោះបីជាមានឱកាសរៀងៗខ្លួនក៏ដោយ។ តែយ៉ាងណាក៏ដោយនៅនាទីទី៧០ ភ្ញៀវអគ្គិសនីកម្ពុជាផ្តើមនាំមុខដោយគ្រាប់បាល់របស់កីឡាករ ចន្ថា ចន្ថាកា។ ៧នាទីមុនចប់ការប្រកួតកីឡា លី មល្លីម វាយបកតាមស្មើឱ្យគិរីវង់ ប៉ុន្តែគ្រាប់បាល់នេះមិនអាចជួយឱ្យក្លិបរក្សាកៅអីនៅពានរង្វាន់សម្តេចតេជោបន្តទៀតទេ ខណៈនាទីនៅសេសសល់ម្ចាស់ផ្ទះគ្មានគ្រាប់បាល់បន្ថែម។ វគ្គបន្ទាប់ ៨ក្រុមចុងក្រោយ អគ្គិសនីកម្ពុជាត្រូវទទួលម្ចាស់កំពូលតារាងលីគកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀង ថ្ងៃទី២៤ ខែសីហាសប្តាហ៍ក្រោយ។

ថ្ងៃជាមួយគ្នាកោះកុងបានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ក្លិបក្នុងលីគកំពូលអង្គរថាយហ្គឺរដោយវាយបកពីបរាជ័យជើងទី១ យកឈ្នះជើងទី២ ក្នុងលទ្ធផល ៣ទល់នឹង១ នាទឹកដីកីឡដ្ឋានហនុមាន ខេត្តសៀមរាប។ លេងបាន ៣៦នាទី កោះកុង បើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ សារី តៃម៉ូ ប៉ុន្តែក្នុងនាទីបន្ថែមបង្គ្រប់តង់ទី១ កីឡាករ ម៉ៅ ពិសិដ្ឋ ស៊ុតគ្រាប់ស្មើឱ្យអង្គរថាយហ្គឺរ។ ពេលវេលានៅសល់ជាង ១០នាទីចុងក្រោយ កីឡាករ សារី តៃម៉ូ និងកីឡាករ សាន បូរ៉ា បន្ថែមម្នាក់មួយគ្រាប់ទៀតឱ្យកោះកុងអេហ្វស៊ីឈ្នះ ៣ទល់នឹង១ សរុបទាំងពីរជើងឈ្នះ ៤ទល់នឹង៣ និងឡើងទៅជួបបឹងកេតវគ្គ ៨ក្រុមចុងក្រោយដើមសប្តាហ៍ក្រោយ។
នៅស្តាតចាស់វិញ ក្លិបម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ វាយបកតាមពីក្រោយយកឈ្នះនគរបាលជាតិ ២ទល់នឹង១ ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។ ការប្រកួតនេះទម្រាំមានគ្រាប់បាល់កើតឡើង ចាំរហូតដល់នាទីទី៣៨ ពេលដែលកីឡាករ តាំង សុភក្ត្រ ស៊ុតបញ្ចូលទីឱ្យនគរបាលជាតិនាំមុខ ១ទល់នឹង០ មុនអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់តង់ទី១។ ក្រោយពីមានការផ្លាស់ប្តូរកីឡាករមួយចំនួន តង់ទី២ នេះម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទហាក់លេងបានល្អ ហើយទីបំផុតនាទីទី៦៣ កីឡាករ ណារ៉ុង កក្តដា ស៊ុតបញ្ចូលទីគ្រាប់ស្មើឱ្យក្លិប មុនពេលកីឡាករ ញាណ សុស៊ីដាន បន្ថែមគ្រាប់ជ័យជំនះ ៦នាទីមុនចប់ការប្រកួតទាំងស្រុង។ សរុបទាំងពីរជើងកងយោធពលខេមរភូមិន្ទឈ្នះ ៤ទល់នឹង២ ឡើងទៅជួបម្ចាស់ពានសម្តេចតេជោ វិសាខា ថ្ងៃទី២៤ ខែសីហាខាងមុខ។
ដោយឡែកម្ចាស់ពានសម្តេចតេជោពីរដងភ្នំពេញក្រោនក៏បានឡើងទៅវគ្គបន្ទាប់ដែរ ទោះបីស្មើព្រៃវែង ៤ទល់នឹង៤ ក្នុងជើងទី២ យ៉ាងណាក៏ ខណៈជើងទី១ ភ្នំពេញក្រោនឈ្នះ ១ទល់នឹង០ ទៅហើយនោះ។ វគ្គ ៨ក្រុមចុងក្រោយភ្នំពេញក្រោនទទួលណាហ្កាវើលដ៍នៅអ អេសអិន សប្តាហ៍ក្រោយ។ សូមជម្រាបជូនថា ជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងលេងនៅថ្ងៃទី៣១ ខែសីហា ខណៈវគ្គផ្តាច់ព្រ័ត្រប្រកួតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៕
អត្ថបទ៖ គង់ ហួន