បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនមានឈ្មោះក្នុងបញ្ជី ៣០នាក់ចុងក្រោយដែលអាចឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or ជាលើកដំបូងតាំងពីឆ្នាំ២០០៥។ ពានជ័យលាភីដែលរៀបចំដោយទស្សនាវដ្តីបារាំងមួយនេះបានបញ្ចេញបញ្ជីឈ្មោះ ៣០នាក់ចុងក្រោយនៅថ្ងៃពុធម្សិលមិញដោយក្រៅពី Messi មិត្តរួមក្រុមនៅ PSG, Neymar ក៏អត់មានឈ្មោះដែរ។
Lionel Messi បានឈ្នះពានជ័យលាភី Ballon d’Or នេះនៅឆ្នាំ២០១៩ និង ២០២១ បន្ទាប់ពីឆ្នាំ២០២០ ត្រូវលុបចោលដោយសារវិបត្តិកូវីដ-១៩។ ក្រៅពីនោះ Messi ក៏ធ្លាបឈ្នះពាននេះ ៥លើកផ្សេងទៀតនៅឆ្នាំ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ សរុប ៧លើក។ កីឡាករ PSG ទាំងពីរ Messi និង Neymar បានរួមចំណែកក្នុងការជួយ PSG ឈ្នះពាន Ligue 1 បារាំងរដូវកាលមុនជាមួយនឹងជ័យជំនះ ២៦ប្រកួតស្មើ៨ ចាញ់៤។ Messi ស៊ុតបញ្ចូលទីបាន ៦គ្រាប់ ខណៈ Neymar ស៊ុតបញ្ចូលទីបាន ១៣គ្រាប់ ៦បាល់បញ្ជូន។
បេក្ខភាពសំខាន់ៗផ្សេងទៀតក្នុងបញ្ជី ៣០នាក់មាន Karim Benzema ជាបេក្ខភាពឈានមុខគេដែលគេរំពឹងឈ្នះពាន Ballon d’Or នេះបន្ទាប់ពីជួយ Real Madrid ឈ្នះពាន UEFA Champions League និង La Liga ខណៈកីឡាករផ្សេងទៀតមានដូចជា Robert Lewandowski, Mohamed Salah និង Cristiano Ronaldo ជាដើម៕
អត្ថបទ៖នាង សុភាវុធ