WHO៖ អង្គការសុខភាពពិភពលោកបានចេញការព្រមាន ដល់មនុស្សដែលបានឆ្លងជំងឺអុតស្វាឲ្យនៅដាច់ឆ្ងាយពីសត្វផ្សេងៗ បន្ទាប់ពីត្រូវបានគេដឹងថាមានករណីឆ្លងដំបូងពីមនុស្សទៅសត្វសុនខ ត្រូវបានកត់ត្រានៅក្នុងទស្សនាវដ្ដីឱសថ Lancet។

ប្រធានបច្ចេកទេសនៃជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោក លោកស្រីវេជ្ជបណ្ឌិត Rosamund Lewis បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា នេះគឺជាករណីឆ្លងដំបូងដែលត្រូវបានរាយការណ៍ពីការឆ្លងពីមនុស្សទៅសត្វ ហើយយើងជឿថា នេះជាឧទាហរណ៍ដំបូងនៃសត្វសុនខដែលត្រូវបានឆ្លង។ អ្នកជំនាញជំងឺរាតត្បាតបានដឹងថា ការចម្លងជំងឺបែបនេះអាចកើតឡើងបាន ដោយក្រុមទីភ្នាក់ងារសុខភាពសាធារណៈមួយចំនួន បានណែនាំរួចទៅហើយឲ្យនៅឆ្ងាយពីសត្វចិញ្ចឹមរបស់ពួកគេ ប៉ុន្តែឧទាហរណ៍ជាក់លាក់មិនត្រូវបានកត់ត្រាទេរហូតដល់សប្ដាហ៍មុន។
របាយការណ៍របស់ទស្សនាវដ្ដី Lancet បានលើកឡើងពីបុរសភេទទី៣ ចំនួន ២នាក់រស់នៅជាមួយគ្នាក្នុងអគារអឹផាតមិនមួយក្នុងទីក្រុងប៉ារីស ជាមួយសុនខពណ៌ប្រផេះពូជមកពីប្រទេសអ៊ីតាលី។ ពួកគេបានរកឃើញដំបៅនៅលើសុនខ ១២ថ្ងៃបន្ទាប់ពីចាប់ផ្ដើមលេចចេញរោគសញ្ញា និងបានបង្ហាញថា ពួកគេរួមដំណេកជាមួយសត្វសុនខរបស់ពួកគេ។ ការវិភាគហ្សែនបានបញ្ជាក់ថា វីរុសដែលបានឆ្លងទៅសត្វសុនខ គឺមានលក្ខខណៈដូចគ្នាទៅនឹងការឆ្លងទៅម្ចាស់របស់វាដែរ។
អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សចំនួន ៣៥,០០០នាក់បានឆ្លងជំងឺអុតស្វានៅទូទាំងពិភពលោក ជាវីរុសស្រដៀងទៅនឹងវីរុសអុតមាន់ដែលធម្មតារាតត្បាតឆ្លងនៅទ្វីបអាហ្វ្រិក ចាប់តាំងពីជំងឺនេះបានរាតត្បាតកាលពីខែឧសភា។ កាលពីសប្ដាហ៍មុនគេបានមើលឃើញករណីឆ្លងថ្មីចំនួន ៧,៥០០នាក់កើនឡើង ២០% លើសកាលពីសប្ដាហ៍កន្លងទៅ។ វីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៩២ ទោះបីជាករណីឆ្លងភាគច្រើនត្រូវបានកើតមាននៅទ្វីបអឺរ៉ុប និងអាមេរិកក៏ដោយ៕
អត្ថបទ៖ សុខមាន