ស៊ីហ្គេម៖ ក្រុមជម្រើសជាតិ ១២ប្រភេទកីឡាគ្រោងនឹងចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិននាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាប់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីលើ ១២ប្រភេទកីឡាស្មើនឹង ១៦១នាក់ដែលកម្ពុជាត្រៀមបញ្ជូនទៅហ្វឹកហាត់នៅចិន រួមមានកីឡាកាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់នារី និងបាល់ទះ ដែលនឹងត្រូវបោះជុំរុំហ្វឹកហាត់រយៈពេលវែងនៅទីនោះ រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា តាមគម្រោងអត្តពលិកកម្ពុជានឹងត្រូវចាកចេញក្នុងខែសីហានេះ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិ CAMSOC ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលចិន លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា។ ដើមឡើយគម្រោងនេះគ្រោងចាប់ផ្ដើមកាលពីឆ្នាំ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបត្រូវបានពន្យារពេលរហូតមកទល់ពេលនេះ។
គួរដឹងថា ការបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់ក្រៅស្រុក គឺជាផែនការយុទ្ធសាស្ដ្រមួយរបស់ CAMSOC ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីបញ្ជូនទៅហ្វឹកហាត់នៅចិន កម្ពុជាក៏មានផែនការបញ្ជូនប្រភេទកីឡាផ្សេងៗ ទៅហ្វឹកហាត់នៅប្រទេសផ្សេងទៀតផងដែរ ដូចជាសាធារណរដ្ឋកូរ៉េ ជប៉ុន អ៊ីរ៉ង់ រួមជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន អាស៊ី និងអឺរ៉ុបមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ លី ឈុនឡា