អ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរងការវាយសន្ធាប់ជាថ្មីពីការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងត្បូង Kherson ចំណែកឯការបាញ់ផ្លោងពីសំណាក់កងកម្លាំងវិមានក្រឹមឡាំងនៅក្នុងទីក្រុង Kharkiv ភាគខាងជើងរបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៧នាក់ ខណៈដែលសមរភូមិប្រយុទ្ធមានរយៈពេលជិត ៦ខែនៅតែពុំទាន់មានមធ្យោបាយបញ្ចប់នៅឡើយ។
ក្រោយពេលទៅដល់អ៊ុយក្រែនកាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងជួបលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និងលោកប្រធានាធិបតីទួរគី Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយមកទៀតនៅថ្ងៃព្រហស្បតិ៍ដដែលលោក Guterres នឹងទៅកាន់ទីក្រុង Lviv ភាគខាងលិចរបស់អ៊ុយក្រែន។ មេដឹកនាំទាំង៣ នឹងពិភាក្សាពីដំណោះស្រាយជម្លោះជាមួយរុស្ស៊ី និងដោះស្រាយការគំរាមកំហែងការផ្គត់ផ្គង់ស្បៀងអាហារសកល និងការប្រឈមគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ដែលត្រូវបានកងកម្លាំងរុស្ស៊ីដណ្ដើមគ្រប់គ្រង។
សង្គ្រាមនេះបានបណ្ដាលឲ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួន មនុស្សរាប់ពាន់នាក់ស្លាប់ និងធ្វើឲ្យជម្លោះភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងររវាងលោកខាងលិច និងរុស្ស៊ី ដែលវិមានក្រឹមឡាំងនិយាយថា ប្រតិបត្តិការរបស់ខ្លួនគឺដើម្បីធ្វើឲ្យប្រទេសជិតខាងមួយនេះគ្មានកងទ័ព និងការពារសហគមន៍និយាយភាសារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន