បាល់ទាត់៖ ក្លិបអង់គ្លេស Wolverhampton បានសំរេចហើយក្នុងការនាំយកខ្សែបម្រើព័រទុយហ្កាល់ Matheus Nunes ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាក្លិប ៣៨លានផោនផ្ទេរពីក្លិប Sporting CP។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Molineux បន្ទាប់ពីឆ្លងកាត់ដំណាក់កាលពិនិត្យសុខភាពជោគជ័យនៅថ្ងៃពុធម្សិលមិញ។
Liverpool និង Manchester City ក៏ធ្លាប់មានទំនាក់ទំនងទិញកីឡាករវ័យ ២៣ឆ្នាំរូបនេះដែរកាលពីប៉ុន្មានសប្តាហ៍មុន ស្របពេលលោក David Moyes ក៏បរាជ័យដែរក្នុងការលួងលោមរូបគេមកកាន់ West Ham។ Matheus Nunes បានរួមរស់ជាមួយ Sporting CP តាំងពីឆ្នាំ២០១៩ បង្ហាញខ្លួនសរុបបាន ៧៦ប្រកួតរកបាន ៧គ្រាប់ឈ្នះជើងឯកលីគកំពូលព័រទុយហ្កាល់កាលពីឆ្នាំ២០២១។
តម្លៃនៃការផ្ទេរ ៣៨លានផោនបូកនឹងការចំណាយបន្ថែមផ្សេងទៀតនោះ បានបំបែកកំណត់ត្រាទិញកីឡាករថ្លៃបំផុតរបស់ Wolves ដែលធ្លាប់ចាយលុយខ្ពស់បំផុតត្រឹម ៣៥លានផោនទិញ Fabio Silva រដូវកាលមុន។ ការមកដល់របស់ Nunes មានន័យថា Wolves ចំណាយលុយលើសពី ១០០លានផោនលើកដំបូងក្នុងការទិញដូរកីឡាករចូល បន្ទាប់ពីការមកដល់របស់ Hwang Hee-Chan, Nathan Collins និង Goncalo Guedes៕
អត្ថបទ៖នាង សុភាវុធ