ចិន៖ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមសមយុទ្ធយោធារួមគ្នាដោយមានការចូលរួមពីប្រទេសផ្សេងទៀត រួមទាំងឥណ្ឌា បេឡារុស ម៉ុងហ្គោលី និងតាហ្ស៊ីគីស្ថាន។ កងទ័ពរំដោះប្រជាជនចិនបាននិយាយថា ខ្លួននឹងចូលរួមសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយប្រទេសរុស្ស៊ី ជាការបង្ហាញចុងក្រោយនៃភាពជាដៃគូរវាងគូរប្រជែងទាំង២ ជាមួយសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃទី១៧ ខែសីហាថា ការចូលរួមក្នុងសមយុទ្ធរួមគ្នានេះគឺមិនជាប់ពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងក្នុងតំបន់នាពេលបច្ចុប្បន្ននេះទេ ដែលទំនងជាសំដៅដល់ការវាយលុករបស់រុស្ស៊ីដែលនៅតែបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍បាននិយាយថា សមយុទ្ធនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំដែលនៅតែបន្ត។ សមយុទ្ធរួមគ្នាស្រដៀងគ្នាដែលដឹកនាំដោយរុស្ស៊ីមានការចូលរួមពីចិន បានប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍ខាងលើនិយាយថា គោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងមិត្តភាពកាន់តែស៊ីជម្រៅថែមទៀតជាមួយកងទ័ពដែលចូលរួមពីប្រទេសផ្សេងៗ និងពង្រឹងសមត្ថភាពឆ្លើយតបការគំរាមផ្នែកសន្តិសុខផ្សេងៗ។
ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលពុំបានដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការវាយប្រហារចូលអ៊ុយក្រែន។ ប្រមុខការទូតអាមេរិកលោក Antony Blinken ធ្លាប់បានប្រាប់សមភាគីចិនរបស់លោកកាលពីខែមុនថា លោកមិនទទួលយកការអះអាងរបស់ចិនដែលថា ខ្លួនឈរនៅកណ្ដាលក្នុងជម្លោះអ៊ុយក្រែន និងបាននិយាយថា ទីក្រុង Washington ព្រួយបារម្ភពីការរួមដៃគ្នារបស់ចិនជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខមាន