ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យយុវជន ដែលទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ចាប់យកមុខជំនាញនៅសាកលវិទ្យល័យភូមិន្ទវិចត្រសិល្បៈ ឱ្យកាន់តែច្រើន។ គោលដៅគឺដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធាន សំខាន់ចូលរួមក្នុងការថែរក្សា អភិរក្សសម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិ។ នេះជាការលើកឡើងក្នុងឱកាស ចូលរួមប្រគល់សញ្ញាបត្រ ជូននិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាព្រឹកនេះ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញនូវភាពពេញចិត្តជាខ្លាំងក្នុងឱកាសចូលរួមប្រគល់សញ្ញាបត្រ ជូននិស្សិតនៃមហាវិទ្យាល័យទាំង ៥នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ភាពពេញចិត្តដោយសារ លោកជំទាវមើលឃើញថា និស្សិតដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ជាធនធានសំខាន់ រួមចំណែកក្នុងការថែរក្សា អភិរក្ស ស្រាវជ្រាវលើការងារពាក់ព័ន្ធនឹងវិស័យវប្បធម៌ដែលជាអត្តសញ្ញាណជាតិ។
ទន្ទឹមនឹងភាពពេញចិត្តនេះ លោកជំទាវ រដ្ឋមន្រ្តីក៏បានស្នើសុំឱ្យយុវជន ដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ចាប់យកការសិក្សានៅសាកលវិទ្យា ភូមិន្ទវិចិត្រសិល្បៈ ឱ្យកាន់តែច្រើន។ លោកជំទាវ បន្តថា សព្វថ្ងៃធនធានមនុស្សលើវិស័យនេះ គឺនៅមានភាពខ្វះខាតនៅឡើយ ដែលទាមទារឱ្យមានការបណ្ដុះធនធានឱ្យកាន់តែច្រើន។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សព្វថ្ងៃក៏បានពង្រឹងគុណភាពអប់រំឱ្យកាន់តែមានភាពប្រសើរផងដែរ។ ជាក់ស្ដែងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សុផាឌី ជាសាកលវិទ្យាធិការ បញ្ជាក់ថា សាកល័យភូមិន្ទវិចិត្រសិល្បៈ គឺមានកិច្ចសហការយ៉ាងល្អជាមួយបណ្ដាសាកលវិទ្យាល័យធំៗជាច្រើននៅបរទេស លើវិស័យនេះ។
លើសពីនេះ ក្នុងឆ្នាំ ២០១២ គឺមានការបង្កើតគម្រោងមនុស្សសាស្រ្ដ ជាគម្រោងកិច្ចសហការ ជាមួយវិទ្យាស្ថានជាតិភាសា និងអារ្យធម៌បូព៌ាប្រទេស និងទទួលបានការគាំទ្រពីស្ថាប័នជាតិ និងអន្តរជាតិមានជាអាទិ៍។ កម្មវិធីនេះបានផ្តល់ឱ្យនិស្សិតខ្មែរ និងនិស្សិតក្នុងតំបន់អាស៊ាន អាចចូលសិក្សាជាមួយសាស្រ្តាចារ្យល្បីៗមកពីប្រទេសបារាំង ហើយពេលបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រផ្ទាល់ពីប្រទេសបារាំង៕
អត្ថបទ៖គឹមហុក