ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Well-Dang មន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្រោមប្រធានបទកេរ្តិ៍ដំណែលសង្រ្គាម សន្តិភាពនិងសន្តិសុខក្នុងតំបន់ និងការកសាងសន្តិភាព ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនអាមេរិក និងកម្ពុជា។
លោក Andrew Well-Dang បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ ស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងប្រទេសនីមួយៗនៅលើពិភពលោក និងក្នុងតំបន់។
មន្រ្តីជាន់ខ្ពស់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សរ៍នៅកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមួយដែលមានបទពិសោធន៍ច្រើន និងអាចចែករំលែកទៅបណ្តាប្រទេសនានាជុំវិញពិភពលោក និងក្នុងតំបន់ ដែលកំពុងជួបប្រទះ និងធ្លាប់ជួបផលវិបាកដូចកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការស្វែងសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាស្ថាបនិកសន្តិភាព និងមគ្គុទ្ទេសក៍ឯក ក្នុងការនាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ ព្រមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបណ្តាប្រទេសនានា ដែលត្រូវការ និងធ្លាប់រងគ្រោះដូចកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា រយៈពេល៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព កាត់អត្រាគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារបោសសម្អាតមីន បានរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជា ផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុងការចូលរួមកសាង និងពង្រឹងនូវសន្តិភាពនៅតាមបណ្តាប្រទេសដែលត្រូវការកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ជួយគាំទ្រដល់ជនមានពិការភាព និងអតីតយុទ្ធជន ដែលបានរងគ្រោះដោយសារកាកសំណល់សង្រ្គាម៕






