កោះតៃវ៉ាន់៖ ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មនុស្សយ៉ាងហោចណាស់ ៥១នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថភ្លើងមួយខ្សែបានរត់ធ្លាក់ចេញពីផ្លូវនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមេសានេះនៅកោះតៃវ៉ាន់ភាគខាងកើត។

កងកម្លាំងសន្តិសុខនៅកន្លែងកើតហេតុបាននិយាយថា អ្នកដំណើរភាគច្រើនដែលបានបាត់បង់ជីវិត និងរងរបួសដោយសារបោកក្បាលផ្ទប់នឹងបង្អួច ឬបោកក្បាលនឹងជញ្ជាំងរថភ្លើង ខណៈដែលរថភ្លើងបានរត់ធ្លាក់ចេញពីផ្លូវ។ មន្ត្រីអយស្ម័យយានកោះតៃវ៉ាន់បាននិយាយថា រថភ្លើងមួយខ្សែនេះបានរត់ធ្លាក់ចេញពីផ្លូវ ខណៈដែលកំពុងរត់ក្នុងល្បឿនលឿន និងរត់ក្រៅផ្លូវបានចម្ងាយប្រមាណ ២០ម៉ែត្រ។ សូមបញ្ជាក់ជូនថា រថភ្លើងមួយខ្សែនេះបានដឹកអ្នកដំណើរប្រមាណជាង ៤០០នាក់ដែលភាគច្រើនជាអ្នកដំណើរកម្សាន្តថ្ងៃចុងសប្ដាហ៍ ហើយការរត់ធ្លាក់ផ្លូវនេះគឺជាបញ្ហាបច្ចេកទេសរថភ្លើង៕

អត្ថបទ៖ សារីម