ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ បានចំនួន៨០.៤៧% និងដូសជំរុញទី៥ បានចំនួន៩.៦៨% គិតត្រឹមល្ងាចម្ស៉ិលម៉ិញថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ បានលើកឡើងថា សព្វថ្ងៃមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំង៤៣ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្តដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា ហើយក្រុមការងារគ្រូពេទ្យមួយផ្នែក នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្ត នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ចុះចាក់វ៉ាក់សាំងតាមសហគមន៍ ខ្នងផ្ទះ ដើរពីផ្ទះមួយ ទៅផ្ទះមួយ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាស់ជរា និងវ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ ដែលពិបាកក្នុងការធ្វើដំណើរមកកាន់មណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែក ដើម្បីទទួលយកថ្នាំបង្ការការពារជំងឺ។
ជាចុងក្រោយឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះជូនបងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ ដោយឥតគិតថ្លៃ រហ័សទាន់ពេលវេលា រួមទាំងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ រដ្ឋា