បាល់ទាត់៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់តម្លៃដល់ទៅ ៧០លានអឺរ៉ូលើកីឡាករប្រេស៊ីល Casemiro ស្របពេលដែល Manchester United កំពុងព្យាយាមនាំយកកីឡាករវ័យ ៣០ឆ្នាំរូបនេះមកកាន់ Old Trafford។ ក្រុមរបស់លោក Erik ten Hag នៅពេលនេះកំពុងតាមស្វែងរកតម្លៃបម្រើកណ្តាល ដែលខ្វះខាតតាំងពីការចាកចេញរបស់ខ្សែបម្រើបារាំង Paul Pogba។
យ៉ាងណាក្តីគេមិនទាន់ដឹងពីការចរចាឈានដល់ដំណាក់កាលណានៅឡើយ ស្របពេលតម្លៃ ៧០លានអឺរ៉ូក៏លំបាកដែរសំរាប់ Manchester United ស្របពេល Casemiro ឈានដល់វ័យ ៣០ឆ្នាំទៅហើយ ខណៈប្រាក់ឈ្នួលមួយឆ្នាំ ១០.៥លានអឺរ៉ូ។ បើតាមសារព័ត៌មានអេស្ប៉ាញមួយបានចុះផ្សាយថា Manchester United អាចនឹងព្រមទិញប្រសិនតម្លៃធ្លាក់មកត្រឹម ៦០លានអឺរ៉ូ។ រំលឹកថា Casemiro បានមកដល់ Real Madrid តាំងពីឆ្នាំ២០១៣ ផ្លាស់ពីក្លិបប្រេស៊ីល Sao Paulo។ រយៈពេល ៩ឆ្នាំនៅអេស្ប៉ាញ Casemiro បានឈ្នះពាន La Liga ៣លើក, Copa del Rey ១លើក, UEFA Champions League ៥លើក និង FIFA Club World Cup ៤លើក៕
អត្ថបទ៖នាង សុភាវុធ