ភ្នំពេញ៖ ក្នុងមួយថ្ងៃៗអាជ្ញាធរនៃប្រទេសថៃ បានបញ្ជូនពលករខ្មែរដែលបានរងគ្រោះដោយអំពើផ្សេងៗប្រមាណ១០០នាក់ ទៅកាន់មណ្ឌលសំចតរបស់ពលករ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវសមត្ថកិច្ចប្រចាំការ និងអ្នកពាក់ព័ន្ធបានសម្របសម្រួលបញ្ជូនពួកគេទៅកាន់ស្រុកកំណើតដោយសុវត្ថិភាព ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧-២០២២ ជនរងគ្រោះដោយអំពើជួញដូរមនុស្សជាង ៤ ៧០០នាក់ ត្រូវបានសង្គ្រោះ អប់រំប្រឹក្សាយោបល់ បញ្ជូនទៅស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលរបស់អង្គការ និងជនរងគ្រោះចំនួនជាង ១ ៣០០នាក់ ត្រូវធ្វើសមាហរណកម្មទៅសហគមន៍ និងតាមដានបន្តចំនួន ៣៩១នាក់ និងបិទករណីចំនួន ២៥២នាក់ ។
ឯកឧត្តម បានបន្តថា ទន្ទឹមនោះក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានកសាងមណ្ឌលសំចតប៉ោយប៉ែត សម្រាប់ទទួលទុកដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដែលទទួលបានពីអាជ្ញាធរថៃ គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មណ្ឌលសំចតបានទទួលពលករចំណាកស្រុកសរុបចំនួនជាង ១៣៧ ០០០នាក់ និងបានសម្ភាសន៍កំណត់អត្តសញ្ញាណរកឃើញជនរងគ្រោះ និងងាយរងគ្រោះចំនួន ៦៨៨នាក់ ខណៈមណ្ឌលសំចត់មួយនេះ ក្នុងមួយថ្ងៃៗទទួលពលករខ្មែររងគ្រោះត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញ ដោយសារអំពើផ្សេងប្រមាណ ១០០នាក់ ។
ឯកឧត្តម តូច ចាន់នី បានបន្ថែមថា ក្នុងយៈពេលនេះក្រសួងបានរៀបចំ និងផ្សព្វផ្សាយលទ្ធផលការធ្វើអង្កេតរហ័សថ្នាក់ជាតិលើកទី១ ស្តីពីស្ថានភាពជនអនាថា បានប្រកាស់ដាក់ឲ្យប្រើប្រាស់សៀវភៅ ស្តីពីផែនការណ៍យុទ្ធសាស្រ្តកម្លាំងសេវាសង្គម ២០២២-២០៣១ បានទទួលជនរងគ្រោះមាតុភូមិនិវត្តន៍ពីប្រទេសនានាចំនួន ១ ៤២៤នាក់ និងបានធ្វើមាតុភូមិនិវត្តន៍ដោយអំពើជួញដូរមនុស្សត្រឡប់ទៅប្រទេសកំណើតវិញចំនួន ៣៤នាក់ ៕ អត្ថបទ៖បាន សុខរិទ្ធិ
