កោះតៃវ៉ាន់៖ កោះតៃវ៉ាន់កំពុងធ្វើសមយុទ្ធយោធា ដើម្បីបង្ហាញសមត្ថភាពទប់ទល់ទៅនឹងសម្ពាធរបស់ប្រទេសចិន ដើម្បីឲ្យទទួលយកការគ្រប់គ្រងនយោបាយរបស់ទីក្រុងប៉េកាំងលើកោះស្វ័យគ្រប់គ្រងមួយនេះ បន្ទាប់ពីសមយុទ្ធគំរាមកំហែងថ្មីៗរបស់ប្រទេសចិន។

សមយុទ្ធកាលពីថ្ងៃពុធនៅតំបន់ភាគអាគ្នេយ៍ទីក្រុង Hualien ធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលរបស់ចិន និងការលុកលុយចូលទៅក្នុងដែនសមុទ្រ និងដែនអាកាសរបស់កោះតៃវ៉ាន់ ដោយនាវា និងយន្តហោះមកពីកងទ័ពរំដោះប្រជាជន ជាយោធារបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់លោក Sun Li-fang បាននិយាយនៅមូលដ្ឋានទ័ពអាកាសក្រុង Hualien ថា យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបង្កហេតុខាងយោធាជាបន្តបន្ទាប់របស់ចិននៅជុំវិញសមុទ្រ និងដែនអាកាសរបស់កោះតៃវ៉ាន់ដែលបានបំផ្លាញសន្តិភាពក្នុងតំបន់។ លោក Sun និយាយថា ប្រតិបត្តិការសឹករបស់ចិនបានផ្តល់ឱ្យយើង នូវឱកាសសម្រាប់ការហ្វឹកហាត់ត្រៀមប្រយុទ្ធ។
អ្នកនាំពាក្យក្រសួងការបរទេសកោះតៃវ៉ាន់លោក Joanne Ou បាននិយាយថា ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់សមាជិកសភាអាមេរិករួមទាំងប្រធានសភាលោកស្រី Nancy Pelosi ជាលេសសម្រាប់បង្កើនការប៉ុនប៉ងរបស់ខ្លួន ដើម្បីបំភ័យកោះតៃវ៉ាន់ឱ្យទទួលយកនូវអ្វីដែលខ្លួនចាត់ទុកថា លក្ខខណ្ឌសម្រាប់ការបង្រួបបង្រួមដោយសន្តិភាព។ ចិនបានចាប់ផ្តើមការបង្កហេតុខាងយោធាដោយហេតុផលទាំងនេះ។ នេះជារឿងមិនសមហេតុផល និងជាទង្វើព្រៃផ្សៃដែលបំផ្លាញស្ថិរភាពក្នុងតំបន់ និងប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ប្រទេសចិនបានចាត់ទុកកោះនេះថាជាខេត្តបំបែកខ្លួន ដែលនឹងត្រូវដាក់បញ្ចូលឧបសម្ព័ន្ធដោយប្រើកម្លាំងប្រសិនបើចាំបាច់ ហើយចាត់ទុកដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់របស់មន្ត្រីបរទេសថា ជាការទទួលស្គាល់អធិបតេយ្យរបស់កោះនេះ។ ទន្ទឹមនឹងការគំរាមកំហែងផ្នែកយោធារបស់ខ្លួន ប្រទេសចិនបានដាក់បម្រាមទិដ្ឋាការ និងទណ្ឌកម្មផ្សេងទៀតកាលពីថ្ងៃអង្គារលើឥស្សរជននយោបាយកោះតៃវ៉ាន់៕
អត្ថបទ៖ ប៊ុនថន