ភ្នំពេញ៖ ក្នុងរយៈពេល ៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីន និងចូលរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជាផងដែរ។ នេះបើតាមប្រសាសន៍អនុប្រធានទី១អាជ្ញាធរមីន។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែសីហានេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Well-Dang មន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្រោមប្រធានបទកេរ្តិ៍ដំណែលសង្រ្គាម សន្តិភាពនិងសន្តិសុខក្នុងតំបន់ និងការកសាងសន្តិភាព ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនអាមេរិក និងកម្ពុជា។
នៅក្នុងឱកាសនោះ លោក Andrew Well-Dang បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ ស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងប្រទេសនីមួយៗនៅលើពិភពលោក និងក្នុងតំបន់។ក្រៅពីនេះលោកបានវាយតម្លៃខ្ពស់ចំពោះដំណើរការស្វែងរកសន្តិភាព និងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សន៍នៅកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមួយដែលមានបទពិសោធន៍ច្រើន និងអាចចែករំលែកទៅបណ្តាប្រទេសនានាជុំវិញពិភពលោក និងក្នុងតំបន់ ដែលកំពុងជួបប្រទះ និងធ្លាប់ជួបផលវិបាកដូចកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការស្វែងសន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាស្ថាបនិកសន្តិភាព និងមគ្គុទេ្ទសក៍ឯក ក្នុងការនាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ ព្រមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបណ្តាប្រទេសនានា ដែលត្រូវការ និងធ្លាប់រងគ្រោះដូចកម្ពុជា។
លោកបន្តទៀតថា រយៈពេល៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព កាត់អត្រាគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារបោសសម្អាតមីន បានរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជាផងដែរ។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំជាង ២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតអស់មីន សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ដោយប្រជាពលរដ្ឋទទួលផលមានជាង៧លាននាក់។ អត្ថបទ៖ ទូច សោភ័ណ