រុស្ស៊ី៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីមួយរូបបាននិយាយថា ប្រទេសរុស្ស៊ីកំពុងអំពាវនាវឲ្យដល់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ឲ្យមានដំណើរចុះត្រួតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាន់តែឆាប់កាន់តែល្អ ដើម្បីបំពេញអាណត្តិរបស់ខ្លួនជាទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
ក្នុងអំឡុងសន្និសីទស្ដីពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរកាលពីថ្ងៃពុធ លោក Igor Vishnevetsky អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការគ្រប់គ្រងអាវុធបាននិយាយថា យើងចង់ឲ្យបេសកកម្មរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកើតឡើងឆាប់ៗនេះ។ ប្រទេសរុស្ស៊ីនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសម្របសម្រួលការងារនេះ។ លោកបានបន្ថែមថា ការចុះត្រួតពិនិត្យនេះត្រូវបានស្នើឡើងមួយរយៈមកហើយ ប៉ុន្តែត្រូវបានបរាជ័យ តែមិនមែនដោយសារតែកំហុសរបស់យើងទេ។
អ្នកការទូតរូបនេះបានចង្អុលទៅអ៊ុយក្រែនដោយនិយាយថា ដោយសារតែមានការវាយប្រហារជាទៀងទាត់របស់អ៊ុយក្រែន ទៅលើទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរនោះ ទើបមិនមានសុវត្ថិភាពសម្រាប់ក្រុមអធិការកិច្ចក្នុងការចុះត្រួតពិនិត្យរោងចក្រនោះ។ លោក Vishnevetsky បានសង្កត់ធ្ងន់ថា មនុស្សមិនគួរវាយប្រហារទីតាំងនុយក្លេអ៊ែរទេ មិនគួរប្រើកាំភ្លើងធំ ឬអាវុធផ្សេងទៀតដាក់គោលដៅលើរោងចក្រថាមពលនុយក្លេអ៊ែរទេ។ ភាគីអ៊ុយក្រែនដឹងច្បាស់ហើយតែនៅតែធ្វើ ដែលជាទង្វើនៃអំពើភេរវកម្មនុយក្លេអ៊ែរយ៉ាងច្បាស់៕
អត្ថបទ៖ សុខមាន