សហរដ្ឋអាមេរិក៖ អាជ្ញាធរបានសរសេរនៅលើបណ្តាញសង្គម Tweeter ថា មនុស្សច្រើននាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ បន្ទាប់ពីយន្តហោះពីរគ្រឿងបានបុកគ្នា ខណៈព្យាយាមចុះចតក្នុងទីក្រុង Watsonville រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
យោងតាមគណនី Twitter ផ្លូវការរបស់ទីក្រុងបានឲ្យដឹងថា ហេតុការណ៍យន្តហោះបុកគ្នានេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៥៦នាទីរសៀលម៉ោងក្នុងតំបន់នៅអាកាសយានដ្ឋានទីក្រុង Watsonville ហើយភ្នាក់ងារជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បឋមថា យន្តហោះខ្នាតតូចម៉ាស៊ីនមួយ Cessna 152 និងយន្តហោះម៉ាស៊ីនពីរ Cessna 340 បានបុកគ្នា ខណៈអ្នកបើកយន្តហោះកំពុងធ្វើដំណើរទៅជិតដល់អាកាសយានដ្ឋានទីក្រុង Watsonville។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មនុស្សម្នាក់ស្ថិតនៅលើយន្តហោះ Cessna 152 និងមនុស្ស 2នាក់នៅលើយន្តហោះ Cessna 340។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និងក្រុមគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងទទួលខុសត្រូវក្នុងការស៊ើបអង្កេតឧប្បត្តិហេតុនេះ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត ប៉ុន្តែទីភ្នាក់ងារទាំងពីរមិនទាន់បានបង្ហាញការកំណត់អត្តសញ្ញាណ អ្នកដែលជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់យន្តហោះនេះនៅឡើយ៕
អត្ថបទ៖ ប៊ុនថន


